ឪពុកម្តាយគួរប្រាប់កូនចៅឲ្យយល់ដឹងពីផ្លូវភេទ
ប្រភពៈ ទស្សនាវដ្តី ខ្មែរអប្សារា
ចង់ក្លាយជាឪពុកម្តាយល្អមិនមែនជាការងាយស្រួលប៉ុន្មានទេ ជាពិសេសនៅពេលដែលនិយាយរឿងទំនាក់ទំនងផ្លូវភេទ និងសេចក្តីស្នេហាជាមួយកូន។
បច្ចុប្បន្ននេះនៅពេលពេញវ័យភ្លាម ក្មេងកំលោះក្រមុំគ្រប់រូបឮគេនិយាយអំពីគ្រោះថ្នាក់នៃជំងឺអេដស៍ ដែលកើតមាននិងឆ្លងតាមការរួមដំណេក និងការចាក់ថ្នាំ។ ដូច្នេះឪពុកម្តាយមានតួនាទីសំខាន់ណាស់ គឺមិនត្រឹមជាអ្នកផ្តល់សុភមង្គល និងសេចក្តីស្រឡាញ់ប៉ុណ្ណោះទេ គឺត្រូវស្វែងយល់ពីអត្តចរឹតចំណង់ចំណូលចិត្តរបស់កូន ដើម្បីងាយស្រួលរកវិធីអប់រំកូនឲ្យយល់ដឹងពីហេតុផលល្អ និងអាក្រក់ ដែលទាក់ទងនឹងផ្លូវភេទ។ ក្មេងខ្លះមានអាកប្បកិរិយាអៀនប្រៀនមិនសូវចេះនិយាយស្តីចូលចិត្តលាក់លៀមអាថ៌កំបាំងតែក្នុងចិត្ត។ ទោះជាយ៉ាងណាក៏ដោយឪពុកម្តាយត្រូវរិះរកគ្រប់មធ្យោបាយជជែកលេងជាមួយកូនដើម្បីឲ្យកូនយល់ច្បាស់ អំពីការប្រព្រឹត្តស្នេហាតាមច្បាប់ធម្មជាតិកំណត់ ដែលទាំងមនុស្សទាំងសត្វមិនអាចចៀសផុតបានឡើយ។ ឪពុកម្តាយត្រូវចេះនិយាយពន្យល់កូនថា សេចក្តីស្នេហា គឺជារឿងដែលមិនអាចខ្វះបាន ប៉ុន្តែប្រុងប្រយ័ត្ន ពីព្រោះដោយសារស្នេហាមនុស្សអាចមានវិបត្តិ អាចទន់ខ្សោយ និងបាត់នូវភាពថ្លៃថ្នូរ។ ប្រសិនបើមានជិវិតអាពាហ៍ពិពាហ៍បែកបាក់គ្នា អ្នកដែលជាឪពុកម្តាយ គួរពន្យល់ប្រាប់កូនផងដែរថា យើងធ្លាប់មានសេចក្តីស្នេហារួចមកហើយ ព្រោះថា អំពើរួមរ័កត្រូវតែផុសចេញពីពន្លកស្នេហាដែលកើតចេញពីការចេះយល់ចិត្តថ្លើមគ្នាទៅវិញទៅមក។
នៅសម័យរីកចំរើន និងវិទ្យាសាស្រ្តខ្លាំងក្លា ឪពុកម្តាយមិនត្រូវលាក់លៀមផ្លូវភេទជាមួយក្មេងទេ ពីព្រោះនោះមិនមែនជារឿងអាក្រក់ ហើយវាជារឿងអៀនខ្មាសនោះឡើយ។ កាលពីនៅក្មេងយើងទាំងអស់គ្នាមានទំលាប់មួយមិនអាចកែប្រែបាន បើថាគេលាក់អ្វីមិនឲ្យដឹងនោះរឹតតែចង់ដឹងខ្លាំងណាស់ទៅទៀត ជាពិសេសជំពូកក្មេងជំទង់ ក្មេងស្ទាវ ក្មេងឈាមរាវនេះតែម្តង។
តើត្រូវនិយាយដូចម្តេចខ្លះ អំពីការរួមដំណេកប្រាប់កូន?
មានវិធីពីរយ៉ាង សម្រាប់ណែនាំកូន។ ទីមួយ គឺណែនាំដោយផ្ទាល់ដោយលើកយករឿង ឬបទពិសោធមកបង្ហាញ។ ទីពីរ គឺការណែនាំដោយប្រយោល មានដូចជាណែនាំឲ្យអានសៀវភៅអប់រំ ទស្សនាវដ្ដី និងកាសែត…។ល។ ចំពោះរឿងនេះបើកូនស្រីមានបំណងចង់ដឹងវិញ ម្តាយត្រូវណែនាំកូនស្រី ហើយបើកូនស្រីមិនហ៊ានសួរ ម្តាយត្រូវរកពេលវេលា និងទីកន្លែងណាសមស្របដើម្បីប្រាប់កូនដោយស្ងាត់ៗ។ ម្តាយត្រូវបញ្ជាក់ប្រាប់កូនស្រីឲ្យស្ងប់ចិត្តថា រឿងអាថ៌កំបាំងផ្ទាល់ខ្លួនត្រូវបានលាក់យ៉ាងជិតល្អណាស់មិនអាចខ្ចរខ្ខាយដល់អ្នកក្រៅបានទេ គឺដឹងត្រឹមតែសាម៉ីខ្លួន និងគ្រូពេទ្យតែប៉ុណ្ណោះ។ ចំពោះកូនប្រុស ឪពុកត្រូវនិយាយប្រាប់កូនកុំឲ្យមានចិត្តខ្មាស់អៀនចំពោះភាពឡើងពេញកំលោះរបស់ខ្លួនឲ្យសោះ។ ប្រការសំខាន់ដែលឪពុកត្រូវសំដែងកាយវិការបញ្ជាក់ថា ខ្លួនមានចិត្តចង់និយាយអ្វីម្យ៉ាងជាមួយកូនចៅបានហើយ។ ធ្វើយ៉ាងនេះហាក់ដូចជាទុកឱកាសឲ្យកូនមានស្មារតីប្រុងប្រៀបទុកជាមុន។
ជាការពិតកូនប្រុសមានសេរីភាពជាងកូនស្រី ហើយមិនអៀនខ្មាស់ដូចកូនស្រីទេ ឪពុកត្រូវប្រាប់កូនប្រុសថា តើត្រូវការពារជំអឺអេដស៍ដោយវិធីណា? មិនត្រូវរួមរ័កខុសក្បូនខ្នាត ដែលអាចធ្វើឲ្យប្រព័ន្ធជីវសាស្រ្តទន់ខ្សោយ ឬក៏មានពេលខ្លះអាចប្រាប់ពីវិធីរួមរ័កទៀតផង។ ជាការល្អត្រូវតែមានសៀវភៅអប់រំណែនាំអំពីបញ្ហានេះ។ ប៉ុន្តែកុំភ្លេចថា មិនត្រូវបណ្តោយឲ្យកូនប្រុសខូចខ្លួន ឬឈ្លក់វង្វេងជាមួយស្នេហាឡើយ៕









ឧទាហរណ៍ថាខ្ញុំមានកូនប្រុសតើខ្ញុំត្រូវនិយាយអ៊្វខ្លះប្រាប់គេ? សូមជួយផ្ដល់ជាយោបល់ផង!
Comment by វណ្ណៈ — May 27, 2006 @ 2:13 am
សួស្តីលោកតាមខេម និងប្រិយមិត្តអ្នកចូលចិត្តអានក្នុងវ៉ិបសាយនេះទាំងអស់គ្នា...
នាងខ្ញុំមានសំណូរសួរទៅលោកតា និងមិត្តទាំងអស់នាងខ្ញុំខ្វល់ក្នុងចិត្តណាស់មិនដឹងជាទៅពិភក្សាជាមួយអ្នកណាទេ។ នាងខ្ញុំចង់ដឹងថាតើការធ្វើអូរ៉ាល់សិចអាចមានលទ្ធភាពឆ្ងងជំងឺអេដស៍ដូចការរួមភេទដោយមិនប្រើស្រោមអនាម័យដែរឬទេ? តើមានវិធីការពារកុំឆ្លងជំងឺនៅពេលធ្វើអូរ៉ាល់សិចដែរឬទេ? ព្រោះរាល់ពេលដែលនាងខ្ញុំរួមរ័កជាមួយសង្សារ គាត់តែងប្រើស្រោមអនាម័យរាល់លើក ក៏ប៉ុន្តែអ្វីដែលនាងខ្ញុំបារម្មណ៍នោះគឺជាញយដងយើងតែងធ្វើអូរ៉ាល់សិចមុនការរួមភេទ។ សូមលោកតានិងមិត្តជួយឆ្លើយសំណួរខ្ញុំផង។
ធីតា...AU
Comment by ធីតា — May 29, 2006 @ 2:31 am