ពេលដែលស្វាមីនឿយណាយ
ប្រភពៈ ទស្សនាវដ្ដី តារា
ដោយៈ សារឿន ពៅ
នៅ ក្នុងសង្គមគ្រួសារ បញ្ហាមិនចុះសម្រុងគ្នាមួយភាគធំបណ្តាលមកពីរឿង "លើគ្រែ" នេះឯង។ ជួនកាលមកពីភាគីបុរស ហើយជួនកាលទៀតបណ្តាលមកពីភាគីស្រ្តី។ ប៉ុន្តែពេលនេះយើងសូមលើកយកចំនុចសំខាន់ៗ ដែលកើតចេញពីភាគីបុរសមកឆ្លុះបញ្ចាំងជូនមិត្តអ្នកអានដូចតទៅ៖
វិភាគរកមូលហេតុ
ប្រដាប់ របស់ស្វាមីមិនឡើង អាចបណ្តាលមកពីមូលហេតុច្រើនយ៉ាង ដែលរួមមានទាំងផ្លូវកាយ និងមានជំងឺរ៉ាំរ៉ៃ ដែលពាក់ព័ន្ធទៅនឹងសសៃឈាម តួយ៉ាងជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជាដើម ដែលជាហេតុមិនអាចធ្វើឲ្យឈាមចរាចរទៅមកបានស្រួល ទើបបណ្តាលឲ្យអង្គជាតិបុរសមិនរឹង ហើយមួយវិញទៀត មកពីវ័យកាន់តែច្រើនផងដែរ។ ចំពោះដំណោះស្រាយវិញមានតែប្រើថ្នាំ"វីយ៉ាក្រា" ជាជំនួយ ប៉ុន្តែមុននឹងប្រើក៏ត្រូវឲ្យពេទ្យពិនិត្យសុខភាពជាមុនសិនដែរ ព្រោះថ្នាំប្រភេទនេះអាចបង្កគ្រោះថ្នាក់ដល់សុខភាព និងជីវិតបាន បើប្រើខុសទំនងនោះ។
បុរសគ្មានអារម្មណ៍ បើ និយាយសមត្ថភាពនិងកំលាំងពលំវិញ បុរសប្រភេទនេះមានទាំងអស់ ប៉ុន្តែបញ្ហានៅត្រង់ថាគេ "គ្មានអារម្មណ៍" ដែលករណីនេះ អាចមកពីគេមានបញ្ហាអ្វីមួយនៅក្នុងជីវិតដូចជា "ជិនណាយរឿងសិច" ឬម្យ៉ាងទៀតអាចមានអារម្មណ៍ "ធុញទ្រាន់នឹងភរិយា" ហើយចុងក្រោយអាចធុញទ្រាន់ចំពោះស្រីៗទូទៅទៀតផង។
សោះអង្គើយ នឿយណាយ បុរស ខ្លះមានអាកប្បកិរិយាសោះអង្គើយ មិនចាប់អារម្មណ៍នឹងអ្វីៗទាំងអស់ ជាពិសេសក្នុងផ្លូវអាណាចក្រ ហើយបែរទៅរកផ្លូវពុទ្ធចក្រវិញ។ ឯបញ្ហាផ្សេងមូយទៀត អាចបណ្តាលមកពីគេនឿយណាយនឹងជីវិតផ្លូវភេទ ដែលមានតែស្ទីលចាស់ដដែលៗ គ្មានអ្វីប្លែកសោះ តាំងពីបរិយាកាស បច្ចេកទេស ក្បាច់ក្បូរ រហូតដល់ឈានទៅធុញទ្រាន់នឹងភរិយាខ្លួន។ នេះជាបញ្ហាធំណាស់ ព្រោះស្រួលមិនស្រួលលោកប្តីអាចបែកឆ្វេងទៅរកស្រីថ្មីទៀតក៏ថា បាន។ នេះហើយជាបញ្ហាដែលគួរតែប្រុងប្រយ័ត្នសម្រាប់ស្រ្តីទាំងឡាយ។







