បច្ចេកទេសស្ថាបនាមន្តស្នេហ៍
ប្រភពៈ ទស្សនាវដ្ដី តារា
ដោយៈ សារឿន ពៅ
កាលបើដឹងពីមូលហេតុដែលនាំឲ្យលោកប្តីនឿយណាយបែកឆ្វេងហើយ ស្រ្តីគួរតែមានវិធីទប់ទល់ដូចតទៅៈ
បង្កើតបរិយាកាសរ៉ូមែនទិក ពន្លឺភ្លើងទៀនព្រឹមៗ ខ្យល់ត្រជាក់ស្រេបនៃម៉ាស៊ីនត្រជាក់ រួមផ្សំនឹងចំរៀងមនោសញ្ចេតនាអណ្តែតអណ្តូង គឺជាបរិយាកាសដ៏សែនមនោរម្យសម្រាប់ស្នេហា។ ម្យ៉ាងទៀតគួរសាកល្បងប្តូរកន្លែងទៅបន្ទប់ផ្សេង ឬរកទីកន្លែងណាដែលរ៉ូមែនទិកនៅខាងក្រៅផ្ទះក៏បាន។ ប៉ុន្តែសូមរំលឹកថា កុំឲ្យវាហួសហេតុឬនៅកណ្តាលវាលបើកចំហរពេក នេះជារឿងមិនសមភ្នែកសាធារណជនទេ។
ថែខ្លួន ថែសម្ផស្ស គួរគិតពីការសម្អិតសម្អាងខ្លួនផង ព្រោះភ្លើងស្នេហ៍ដែលអាចដុតរោលអារម្មណ៍ភាគីបុរសបាននោះ គឺអ្វីដែលគេមើលឃើញនឹងភ្នែក ហើយអាចទទួលយកបាន។ គួរសាកល្បងស្លៀកសម្លៀកបំពាក់ដ៏ស្រស់ស្អាត ដែលមានសាច់ក្រណាត់ស្តើង សិចស៊ី បង្អួតសាច់បង្អួតរាងផង។ គួរកុំលាបម្សៅប្រតេកប្រតាកដែលនាំឲ្យរំខានអារម្មណ៍ ឬលាបឡេបំប៉នស្បែកក្នុងពេលស្វែងរកឋានសួគ៍។ ម្យ៉ាងទៀតចរិកស្នេហ៍ និងមាយាស្រី គួរតែមានខ្លះដែរ ដូចជាឥរិយាបថក្នុងការដើរ ឈរអង្គុយ ដេក ឬការនិយាយស្តី ក៏ជាប្រការសំខាន់មួយដែរ។ គួរស្តីវាចាដោយពាក្យផ្អែមល្ហែម ពិរោះពិសារ មើលទៅគួរឲ្យស្រឡាញ់គួរឲ្យអាណិត ដើម្បីអង្រួនចិត្តបុរសឲ្យបាក់ស្រុតមកលើយើង។ បើមានមន្តស្នេហ៍ទាំងប៉ុន្មាន ក៏សូមបញ្ចេញមកឲ្យអស់តែម្តងទៅ។
ត្រូវគិតគូរ យកចិត្តទុកដាក់ដល់បញ្ហា "ប្រដាប់" អវយវៈភេទរបស់ស្ត្រីគឺ "យោនី" ក៏មានតួនាទីសំខាន់ដូចគ្នាដែរ ដែលមនុស្សជាច្រើននាក់រមែងមានបញ្ហារឿង "រលុង, យារ"។ ទោះបីបញ្ហាដូច្នេះកើតឡើងតាមវ័យ ឬបណ្តាលមកពីការសំរាលកូនក៏ដោយ ក៏វាគឺជាហេតុដែលនាំឲ្យបុរសមានអារម្មណ៍មិនស្រណុកសុខស្រួល នៅពេលរួមរ័ក។ វិធីដ៏ងាយបំផុតដែលស្រ្តីគួរធ្វើដើម្បីប្រដាប់ភេទហាប់ណែនល្អ គឺត្រូវប្រឹងខ្ជឹបប្រដាប់ភេទជាប្រចាំ។ វិធីនេះវាងាយស្រួលណាស់ហើយបានលទ្ធផលល្អទៀតផង។ ការខ្ជឹបប្រដាប់ភេទនេះ ក្នុងមួយដងត្រូវប្រើពេល៣ទៅ៥វិនាទី ហើយក្នុងមួយថ្ងៃអនុវត្តឲ្យបានពី៥០ទៅ១០០ដង។ ទៅបីវាមិនបានដូចកាលនៅវ័យក្រមុំក៏ពិតមែន ប៉ុន្តែវាក៏មិនអន់ពេកដូចការមិនព្រមអនុវត្តនោះដែរ។ ដឹងទេ! មានស្រ្តីជាច្រើនកំពុងអនុវត្តតាមវិធីនេះ ហើយទទួលបានលទ្ធផលល្អណាស់។
ត្រូវបង្កើនបច្ចេកទេសក្បាច់ក្បូរ ស្រ្តីគួរតែហាត់ធ្វើជាអ្នកវាយលុកទៅលើភាគីបុរសមុនខ្លះផងដែរ ដោយចាប់ផ្ដើមបង្កើតបរិយាកាសឲ្យបានល្អហើយសឹមចាប់ផ្ដើមបើកការវាយលុក។ អ្នកអាចចាប់ផ្ដើមដោយការនិយាយផ្តោះផ្ដងពាក្យផ្អែមល្ហែមហើយជាបណ្តើរៗ ចាប់ផ្តើមបង្កើនអារម្មណ៍គ្នាទៅវិញទៅមក ដោយស្ទាបអង្អែលច្របាច់ឲ្យសព្វរាងកាយដើម្បីកំដៅម៉ាស៊ីន។ រស់នៅជាមួយគ្នា អ្នកគួរតែដឹងហើយថា ដៃគូរបស់អ្នកចូលចិត្តវិធីបែបណា បន្ទាប់មកចាប់ផ្ដើមវាយសំរុកត្រង់កន្លែងសំខាន់ៗ។ អ្នកអាចសម្របតាមចិត្តដៃគូររបស់អ្នកផងខ្លះទៅ បើដៃគូរបស់អ្នកសុំឲ្យធ្វើនូវអ្វីដែលពិសេសៗ។ នៅពេលគ្រឿងម៉ាស៊ីនក្តៅពេញបន្ទុកហើយ វាគ្មានហេតុផលអ្វីដែលគួរពន្យាពេលទៀតឡើយ។ រីឯអ្នកជាស្រ្តីវិញ ក៏ពុំគួរដេកនៅស្ងៀមដូចគល់ឈើនោះឡើយ គួរបញ្ចេញកាយវិការខ្លះផងទៅ ជាពិសេសផ្នែករាងកាយ។ ម្យ៉ាងទៀតសំលេងដែលលាន់ឮ ចេញពីមាត់អ្នក នឹងជួយបន្ថែមនូវថាមពលដល់យានអវកាសឡើងទៅកាន់ឋានសួគ៌របស់អ្នកថែមទៀត។ ប៉ុន្តែសូមកុំឲ្យសំលេងនោះលាន់ឮខ្លាំងហួសហេតុពេក នាំឲ្យកូនៗភ្ញាក់ ឬអាចឮដល់អ្នកផ្ទះជិតខាងវីវរធំហើយ៕







