ស្បែកជើងកែងចោតគួរជ្រើសរើសបែបណា?
ដោយៈ ធីតារ័តន៍ (តាម LSW)
ស្បែក ជើងកែងចោត ជាម៉ូដនិយមមួយដែលនារីសម័យនេះចូលចិត្ត អ្នកខ្លះមានស្បែកជើងរាប់ឡូដាក់តាំងក្នុងផ្ទះ។ ប៉ុន្តែប្រសិនបើជ្រើសរើសស្បែកជើងកែងចោតមកពាក់មិនបានសមស្របអាច បង្កបញ្ហាដល់ជើង និងសុខភាពរាងកាយបាន…។
ស្បែកជើងកែងចោត ក្បាលស្រួចៈ
មិត្ត នារីជាច្រើនធ្លាប់បានដឹងរួចមកហើយថា ស្បែកជើងកែងចោត ក្បាលចង្អៀត រៀវស្រួចតែងតែបង្កបញ្ហាឈឺចាប់បរិវេណគល់ម្រាមជាញឹកញាប់ តែអ្នកខ្លះគិតថា អាការឈឺខុសប្រក្រតីនេះ បណ្តាលមកពី ការដើរ ឬឈរពេញមួយថ្ងៃ មិនបានគិតថា ស្បែកជើងដែលខ្លួនពាក់នោះ ជាដើមហេតុនៃអាការឈឺចាប់ទេ…។
វិធីជ្រើសរើសស្បែកជើងកែងចោតៈ
១-ត្រូវ សាកលមើលគ្រប់ពេលមុននឹងទិញ មិនគួរផ្ញើអ្នកដទៃទិញឲ្យទេ ព្រោះលេខស្បែកជើង ម៉ាកនីមួយៗខុសពីគ្នា។ ការពារស្បែកជើងដែលត្រឹមត្រូវ គឺនៅពេលដើរហើយ ស្រួលជើងមិនចង្អៀត ហើយគួរដើរទៅមក២-៣ជុំ ដោយក្នុងអំឡុងពេលនោះ ត្រូវសង្កេតមើលថា រាងកាយរបស់យើង សម្របខ្លួននឹងស្បែកជើងនោះបានឬទេ។
២-នៅពេលពាក់ហើយ គួរប៉ាន់ស្មានប្រវែងឃ្លាតពីចុងម្រាមជើងទៅដល់ក្បាលស្បែកជើង ប្រមាណ១ស.ម បន្ទាប់ពីនោះសាកល្បងពិនិត្យមើលថា ប្រវែងជើងរបស់អ្នកស្មើនឹងប្រវែងចុងស្បែកជើងឬទេ?
៣-ប្រសិនបើជើងរបស់អ្នកមានទំហំធំគួរចៀសវាងពាក់ស្បែកជើងដែលមានលក្ខណៈចង្អៀត រឹបជើងខ្លាំងពេក។
៤-ប្រសិនបើទិញស្បែកជើងមួយគូ គួររកពេលវេលាឲ្យសមស្រប គឺបន្ទាប់ពីពេលម៉ោង១រសៀល រហូតដល់ល្ងាច ទើបសមស្របជាងការទិញនៅពេលដែលហាងទើបនឹងបើកទ្វារ (ពេលព្រឹក) ព្រោះថានៅពេលដែលអ្នកដើរពេញមួយថ្ងៃ ជើងនឹងហើម ដោយសារតែឈាមហូរចុះឡើងនៅត្រង់ជើង។
៥-ចៀសវាងការជ្រើសរើសស្បែកជើងកែងចោទដែលចំហផ្នែកកែង ព្រោះការដែលជើងមិនរឹតនៅផ្នែកកែងជើង ទុកឲ្យផ្នែកនេះនៅចំហ ធ្វើឲ្យចលនាការដើរយោលទៅយោលមក មិននឹងន ជាហេតុធ្វើឲ្យអ្នកត្រូវព្យាយាមទប់ខ្លួនសាច់ដុំបរិវេណកំភួនជើង និងធ្វើការកាន់តែខ្លាំងឡើង។
ប្រសិនបើអ្នកចង់ពាក់ស្បែកជើងកែងចោទដែលមានកម្ពស់លើសពី៥ស.ម ម្ដងម្កាលនោះ វាមិនអីទេ ប៉ុន្តែកែងកុំឲ្យស្រួចពេក ព្រោះប្រសិនបើកែងកាន់តែរាងរៀវស្រួចប៉ុណ្ណា នោះវានឹងកាន់តែបំផ្លាញតុល្យភាពសរីរៈប៉ុណ្ណោះដែរ ជាហេតុធ្វើឲ្យមានបញ្ហាដល់ការត្រង់ខ្លួន ធ្វើឲ្យចំណុចទ្រទទម្ងន់រាងកាយ មានតែនៅត្រង់ចំណុចចុងជើង ធ្វើឲ្យឈឺខ្លួន ឈឺសន្លាក់ជង្គង់ ឬអាចឈឺពេញទាំងខ្នងក៏មាន៕








