ច្បាប់៦ខ គួរប្រតិបត្តិពេលសង្សារទៅឆ្ងាយ
1- មិនគួរផ្តល់ភាពស្និតស្នាលដល់មិត្តភ័ក្រភេទផ្ទុយគ្នាពីអ្នកជាពិសេស កុំយកលេសថា "ព្រោះសង្សារមិននៅ ទើបខ្ញុំត្រូវចេញទៅក្រៅជាមួយគេ តែយើងមិនមានអីលើសពីមិត្តទេណា!"។ វាជាការពិត ដំបូងៗអញ្ចឹងហើយ មិនទៅគិតអីឲ្យលើសពីមិត្តភ័ក្រទេ តែមានអ្នកណាទៅដឹងថាថ្ងៃអនាគតនឹងមានអ្វីកើតឡើង…នៅពេលដែល មនុស្សស្រី និងប្រុសនៅជិតគ្នា ភាពស្និតស្នាលរមែងកើតមាន (ស្រមោច និង ស្ក លុះត្រាតែស្រមោចដាក់ចិត្តដាក់កាយថាខ្លួនមានជំងឺទឹកនោមផ្អែម (មានសង្សារហើយ) ទើបស្រមោចនោះមិនទៅរោមស្ករ) ដូច្នេះអ្នកគួរពន្លត់ភ្លើងពីដើមទីទើបល្អ កុំទុកឲ្យវាឆេះរាលខ្លាំងទើបទៅពន្លត់នោះ អ្វីដែលសំខាន់ត្រូវនឹកពីចិត្តគេចិត្តយើង បើសង្សារអ្នកធ្វើដាក់អ្នកអញ្ចឹងតើអ្នកមានអារម្មណ៍យ៉ាងណាដែរ?
2- ទាក់ទងគ្នាកុំឲ្យដាច់រយៈ Call ទៅរកញយដងបន្តិច ព្យាយាមកុំឲ្យសម្ព័ន្ធភាពរយាល ព្រោះវានឹងធ្វើឲ្យសេចក្តីស្នេហាមានបញ្ហាបាន។ កុំថាំថ្លៃទូរស័ព្ទឲ្យសោះ ចំណាយលុយកាក់ទៅទិញទំនិញបានប្រើប្រាស់ តែ Call ទៅរកសង្សារមិនបានអីផង នេះជាការគិតដែលខុសខ្លាំងណាស់ ចាំថាសង្សារមិនមែនជាទំនិញ មិនមែនចង់បានទៅរកទិញក្នុងផ្សារបានទេ!
3- ធ្វើខ្លួនឲ្យគេទុកចិត្តបាន កុំធ្វើដូចជាឆ្មារមិននៅកណ្តុរបានដៃ អាងថាគេមិននៅយើងចង់ទៅដើរលេងកន្លែងណាក៏បានតាមចិត្ត ឬក៏កុហកថាមិនបានទៅណាទេនៅផ្ទះ តែតាមពិតខ្លួនកំពុងដើរលេង។ ពិភពលោកនេះចង្អៀតណាស់ អ្នកមិនមែនរស់នៅក្នុងលោកនេះតែមា្នក់ឯងទេ ថាមិនបានទៅជួបមិត្តភ័ក្ររបស់សង្សារដែល មានបំនងល្អតែប៉ងអាក្រក់នោះអ្នកត្រូវចប់ហើយ បើរកលេសដោះសារមិនសមទេ សង្សារអ្នកនឹងបាត់បង់ទំនុកចិត្តមកលើរូបអ្នកជាក់ជាមិនខាន ហើយវានឹងកើតជារឿងផ្សេងៗដែលមិនសូវល្អតាមមកមិនខាន (ប្រច័ណ្ឌ, ទាស់សំដីគ្នា…)។
4- ចិត្តធ្ងន់បន្តិច កុំធ្វើខ្លួនជាមនុស្សត្រចៀកស្រាល ពេលមានមនុស្សយករឿងរបស់សង្សារមកនិយាយឲ្យស្តាប់។ គិតមុនសឹមគូរ គិតមើលថាសង្សារយើងធ្លាប់មានប្រតិកម្មដូចអ្វីដែលគេប្រាប់ឬអត់ កុំទៅជឿសំដីអ្នកដទៃច្រើនជាងសង្សារខ្លួនឯង តែបើមានអ្នកមកប្រាប់ដូចគ្នាច្រើនអ្នកវាគួរឲ្យគិតដែរ អញ្ចឹងទូរស័ព្ទទៅសួរតែម្តងទៅវាល្អជាងការយកមកទុកក្នុងចិត្ត ហើយគិតវែងគិតខ្លី ដែលមិនទាន់បានស្តាប់ការបកស្រាយពីសង្សារនៅឡើយ។ កុំធ្វើឲ្យរឿងតូចក្លាយជារឿងធំ គ្មានអ្វីធំជាងការនិយាយគ្នាស្តាប់ការបកស្រាយវែកញែករកដំណោះ ស្រាយនោះទេ។
5- និយាយពាក្យថា "ស្រឡាញ់" ឲ្យច្រើនបន្តិច ជាការបញ្ជាក់ប្រាប់ភាគីម្ខាងទៀតឲ្យកក់ក្តៅក្នុងចិត្តថាអ្នក នៅស្រឡាញ់គេនៅឡើយ កុំខ្មាស់អៀននឹងពាក្យថា "ស្រឡាញ់" ឲ្យសោះពាក្យនេះខ្លីតែមានន័យទូលំទូលាយ និងមានឥទ្ធិខ្លាំងក្លាណាស់ បើពិតជាស្រឡាញ់មែននោះ កុំស្តាយនិងប្រើពាក្យថា "ស្រឡាញ់" ។
6- យកចិត្តទុកដាក់លើខ្លះគេផង កុំធ្វើអ្វីតាមតែអារម្មណ៍ខ្លួនឯងជាធំ ព្រោះអ្វីដែលអ្នកឃើញថាមិនសំខាន់ វាអាចសំខាន់សំរាប់អារម្មណ៍របស់សង្សារអ្នកក៏ថាបាន ដូចជា៖ ទៅញ៉ាំបាយ ដើរផ្សារ ឬ ដើរលេងជាមួយសង្សារចាស់។ ក្នុងខណៈពេលដែលសង្សារបច្ចុប្បន្នរបស់អ្នកនៅឆ្ងាយ ទោះបីជាការពិតសម្ព័ន្ធភាពរវាងអ្នក និងសង្សារចាស់មានត្រឹមតែជាមិត្តធម្មតាក៏ដោយ តែវាមិនល្អទាល់តែសោះសំរាប់អារម្មណ៍របស់សង្សារអ្នកដែលកំពុងនៅ ឆ្ងាយ ទោះជាអ្នកបានអធិប្បាយប្រាប់សង្សារអ្នករួចហើយ ហើយសង្សារអ្នកប្រាប់អ្នកវិញថា "មិនអីទេ" វាជាចម្លើយឆ្លើយទាំងខាំមាត់សង្កត់ចិត្ត ព្រោះខ្លាចអ្នកគិតថាគេជាមនុស្សចង្អៀតចង្អល់ មិនចេះស្តាប់ហេតុផល មិនជឿចិត្តអ្នក ។ល។ និយាយឲ្យអស់ទៅ សង្សារអ្នកកំពុងខ្លាចពាក្យថា "រងើកភ្លើងចាស់វាខ្លាំងជាងអណ្តាតភ្លើងដែលកំពុងឆាប់ឆេះសន្ធោ សន្ធៅទៅទៀត"។ សួរអ្នកវិញថា តើវាជារឿងដែលគួរធ្វើឬទេ? បើអ្នកជាគេវិញគិតយ៉ាងណាដែរ?








