ទឹកពិតអាចបញ្ចុះជាតិខ្លាញ់ក្នុងរាងកាយបានឬ?
ប្រភព៖ Post Today
វាអាចជារឿងពិបាកនឹងជឿ ដែលទឹកនឹងក្លាយជាវត្ថុសំខាន់ដែលមានចំណែកក្នុងការជួយថែរក្សារាងកាយ ទោះបីជាមនុស្សភាគច្រើនត្រូវផឹកទឹកព្រោះការចាំបាច់ក៏ដោយ តែតាមការពិត ទឹកជា "អាហារពិសេស" ក្នុងមើលថែរាងកាយមនុស្សគ្រប់ពេលវេលា។
បើយើងផឹកទឹកមិនគ្រប់គ្រាន់ នឹងធ្វើឲ្យយើងមិនអាចប្រកបកិច្ចការងារប្រចាំថ្ងៃបានយ៉ាងល្អនោះទេ។ ការផឹកទឹកមិនគ្រប់គ្រាន់ធ្វើឲ្យថ្លើមធ្វើការធ្ងន់ជាងមុន ព្រោះតួនាទីសំខាន់របស់ថ្លើមគឺដុតបំផ្លាញខ្លាញ់ដែលប្រមូលផ្តុំក្នុងរាងកាយឲ្យក្លាយជាថាមពល ដោយខ្វះជាតិទឹកថ្លើមត្រូវមាននាទីបន្ថែម គឺធ្វើការជំនួសប្រមាត់ នេះជាហេតុធ្វើឲ្យថ្លើមមិនបានបំពេញការងារសំខាន់របស់ខ្លួនបានល្អ ទើបធ្វើឲ្យការដុតបំផ្លាញជាតិខ្លាញ់ត្រូវថយចុះ និងបណ្តោយឲ្យខ្លាញ់ប្រមូលផ្តុំកាន់តែច្រើនក្នុងខ្លួនយើង។
វិធីចៀសវាងបញ្ហាខ្វះជាតិទឹកក្នុងរាងកាយ គឺមនុស្សយើងត្រូវផឹកទឹកក្នុងបរិមាណច្រើន ដើម្បីឲ្យរាងកាយមានទឹកទុកប្រើ។ ពេលខ្វះជាតិទឹក មនុស្សដែលមានទម្ងន់ធ្ងន់ និងមានរាងកាយធំ នឹងត្រូវការទឹកច្រើនជាងមនុស្សដែលស្គម ឬតូចជាង ព្រោះពួកគេត្រូវការដុតបំផ្លាញជាតិខ្លាញ់ច្រើនជាង។ ដូច្នេះទឹកមានសារៈសំខាន់ណាស់សំរាប់មនុស្សដែលមានទម្ងន់ច្រើន ព្រោះវាជាជំនួយការពិសេសក្នុងការដុតបំផ្លាញជាតិខ្លាញ់ ក្រៅពីនេះ ទឹកជួយធ្វើឲ្យស្បែករបស់យើងមានសំណើម ស្រស់ថ្លា និងមិនធ្វើឲ្យស្បែកយារជ្រីវជ្រួញក្រោយពេលចុះទម្ងន់ផងដែរ។
ចង់មានរូបរាងស្អាតសង្ហា ស្បែកស្រស់ថ្លា ត្រូវផឹកទឹកមួយថ្ងៃ ៨កែវ ហើយមនុស្សដែលលើសទម្ងន់គួរផឹកទឹកឲ្យបានច្រើនជាងនេះ រិតតែត្រូវបន្ថែមឲ្យកាន់តែច្រើនសំរាប់អ្នកដែលចូលចិត្តលេងកីឡា ឬធ្វើការកន្លែងដែលមានកម្តៅខ្ពស់ ស្ងួត និងសំខាន់គឹចាំទុកថា ផឹកទឹកច្រើនយ៉ាងណាក៏មិនធ្វើឲ្យអ្នកធាត់ឡើយ ព្រោះទឹកផ្តល់ថាមពល សូន្យ កាឡូរី។







