សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

September 11, 2006

អ័រមូន​ប្រែ​ប្រួល​ជាមូល​ហេតុ​នៃ​ស្នេហ៍​​បែក​បាក់​

បញ្ហា​ការ​លែង​លះ​របស់​គូ​ស្វាមី​ភរិយា​បច្ចុប្បន្ន​មាន​​ការ​កើន​ឡើង​កាន់​តែ​ខ្ពស់​ឡើង​ ដែល​មូល​ហេតុ​នៃ​ការ​លែង​លះ​ភាគ​ច្រើន​បណ្តាល​មក​ពី​ភាព​​មិន​ចុះ​សំរុង​គ្នា​។ តើ​លោក​អ្នក​មាន​ជ្រាប​ទេ​ថា​មួយ​ក្នុង​ចំណោម​មូល​ហេតុ​សំខាន់​របស់​ភាព​មិន​ចុះ​សំរុង​គ្នា​ទាំង​នោះ​ កើត​ឡើង​ពី​បញ្ហា​ខាង​ក្នុង​របស់​សុខភាព​ដែល​មិន​សូវ​មាន​អ្នក​នឹក​ដល់​វា នោះ​គឺ​ ការ​ប្រែ​ប្រួល​របស់​កម្រិត​អ័រមូន​ក្នុង​រាង​កាយ​ ​ជា​ពិសេស​ក្នុង​រាង​កាយ​របស់​​ស្ត្រី​​ មាន​ដូច​ជា​ ចិត្ត​ច្រើន​ឆាប់​ខឹង ខ្វាយ​ខ្វល់ មួរ​ម៉ៅ​ ប៉ិន​រអ៊ូរទាំ ដែល​ទាំង​នេះ​​ជា​ដើម​ហេតុ​នៃ​ការ​ឈ្លោះ​ប្រកែក​គ្នា​ រហូត​ដល់​ថ្នាក់​ចែក​ផ្លូវ​គ្នា​ដើរ​តែ​ម្តង​។

នេះ​វា​មិន​មែន​ជា​រឿង​តូច​តាច​ទេ​!
គ្រូ​ពេទ្យ​ជំនាញ​របស់​ស្ថាប័ន​គ្រួសារ​គង​វង់​ "Candle in The Wind" បាន​បង្ហាញ​ពី​អាការៈ​​ដែល​បណ្តាល​មក​ពី​ការ​ប្រែ​ប្រួល​អ័រមូន​ថា៖ ក្នុង​ពេល​ជិត​មាន​ការ​ធ្លាក់​ឈាម​រដូវ ស្ត្រី​មួយ​ចំនួន​នឹង​មាន​ការ​អារម្មណ៍​ប្រែ​ប្រួល​ ដោយ​មិន​​ដឹង​ពី​មូល​ហេតុ អ្នក​ខ្លះ​ឆាប់​មួរ​ម៉ៅ ចុក​ពោះ តឹង​ពោះ ហើម​ដៃ​ ឬ​ជើង អារម្មណ៍​ផ្លូវ​ភេទ​មាន​ការ​ប្រែ​ប្រួល​។​ បើ​សិន​ស្វាមី​ភរិ​យា​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ទេ ពួក​គេ​នឹង​ប្រឈម​មុខ​នឹង​ការ​ឈ្លោះ​ប្រកែក​គ្នា​ ព្រោះ​បុរស​ខ្លះ​ក៏​មិន​យល់​ពី​អារម្មណ៍​​របស់​ស្ត្រី ក្នុង​ពេល​ជិត​មក​ និង​ពេល​កំពុង​មាន​ធ្លាក់​ឈាម​រដូវ​។ ក្រៅ​ពី​នេះ​ការ​ប្រែ​ប្រួល​របស់​អ័រមូល​ដែល​ជា​ដើម​ចម​បញ្ហា​របស់​ជីវិត​គូ នៅ​អាច​បណ្តាល​ឲ្យ​ផ្លូវ​ចិត្ត​របស់​ស្ត្រី​មួយ​ចំនួន​កើត​ជា​រោគ សោក​សៅ ស្ត្រី​ដែល​កើត​រោគ​នេះ​អាច​ឈាន​ដល់​ការ​ធ្វើ​អត្ត​ឃាត គិត​ថា​ខ្លួន​ឯង​គ្មាន​តំលៃ និង​មិន​ចង់​មាន​ជីវិត​នៅ​លើ​លោក​នេះ​ទៀត​ឡើយ​ បើ​នៅ​ខណៈ​ពេល​នោះ​បុរស​ដែល​ជា​ស្វាមី​បាន​​ធ្វើ​ឲ្យ​នាង​មាន​ការ​ឃ្មើស​ចិត្ត​បន្តិច​ថែម​ទៀត​នោះ ហាក់​ដូច​ជា​គេ​ជំរុញ​នាង​ធ្វើ​អ្វី​​ដោយ​មិន​ដឹង​ខ្លួន​។

ពេទ្យ​ជំនាញ​ផ្នែក​អ័រ​មូន​បាន​រៀប​រាប់​បន្ថែម​ពី​អាការ​រោគ​ សោក​សៅ​ ថា៖ អាការៈ​បែប​នេះ​​កើត​មាន​យូរ​ណាស់​មក​ហើយ​ ជា​ពិសេស​កើត​លើ​ស្ត្រី​ក្នុង​វ័យ​ ២៥​ឆ្នាំ​ឡើង​ទៅ​ ហើយ​ច្រើន​កើត​ឡើង​មុន​ពេល​មាន​ការ​ធ្លាក់​ឈាម​រដូវ។ ភាគ​ច្រើន​សង្កេត​ឃើង​នាង​ឆាប់ ឆេវ​ឆាវ មួរ​ម៉ៅ និង​ស្ងៀម​ស្ងាត់ ​សោក​សៅ កណ្តោច​កណ្តែង​ អ្នក​ខ្លះ​សោក​សៅ​រហូត​គិត​មិន​ចង់​មាន​ជីវិត​រស់ ធ្វើ​ការ​មិន​បាន​ មាន​ជីវិត​របស់​នៅ​លើ​លោក​ក៏​គ្មាន​ន័យ ស្វាមី​មិន​យក​ចិត្ត​ទុក​ដាក់ ។ល។ ដែល​ទាំង​នេះ​សុទ្ធ​សឹង​កើត​ពី​ការ​ប្រែប្រួល​អ័រមូន​ក្នុង​រាង​កាយ​​។

វិធី​ដោះ​ស្រាយ​ដំណាក់​ការ​មូល​ដ្ឋាន​ គឺ​​ស្វាមី​ត្រូវ​​ស្វែង​យល់​ពី​ភរិយា​ឲ្យ​បាន​ច្រើន គួរ​ដឹង​ថា​ពេល​ណា​នាង​ជិត​មក​រដូវ ហើយ​ទាំង​គូ​ត្រូវ​ព្យាយាម​សង្កត់​ចិត្ត​ ​អត់ធ្មត់​ចាំ​ដល់​ពេល​ចិត្ត​ស្ងប់​បន្តិច​សឹម​​និយាយ​​គ្នា​ ដោះ​ស្រាយ​បញ្ហា​របៀប​មនុស្ស​ស្រឡាញ់​គ្នា គួរ​ចៀស​វាង​ការ​ប្រើ​ពាក្យ​សម្តី​ឌឺដង របៀប​បញ្ជួស​បន្សោក ដុត​រោល​ឲ្យ​រិត​តែ​ក្តៅ ។ បញ្ហា​ខាង​លើ​នេះ​អាច​ដោះ​ស្រាយ​បាន​បើសិន​អ្នក​ក្បែរ​កាយ​ស្ត្រី​យល់​ច្បាស់​ពី​ស្ថាន​ភាព​ការ​ប្រែ​ប្រួល​ក្នុង​រាង​កាយ​របស់​នាង។​ តែ​បើ​សភាព​ផ្លូវ​ចិត្ត​នាង​កាន់​តែ​ពិបាក​គ្រប់​គ្រង​នោះ​សូម​ណែ​នាំថា អ្នក​ទាំង​ពីរ​គួរ​ដឹក​ដៃ​គ្នា​​ទៅ​ជួប​គ្រូ​ពេទ្យ​ផ្នែក​ចិត្ត​សាស្ត្រ​ទើប​​ជា​ការ​ប្រសើរ ។