"ញញឹមឲ្យខ្លួនឯង" និង "សុំទោសដែលខ្ញុំស្រឡាញ់អ្នក"
ដោយ៖ c.K.v.
ក្នុង ពេលដែលយើងកំពុងនឹកនរណាម្នាក់គ្រប់ពេលវេលា គេម្នាក់នោះប្រហែលជាកំពុងនឹកអ្នកផ្សេងក៏ថាបាន ហើយពេលខ្លះក៏អាចមាននរណាផ្សេងម្នាក់ទៀតកំពុងនឹកដល់យើងដូច គ្នាដែរ។
ពេលខ្លះការស្រមើលស្រម៉ៃតែម្នាក់ឯង វាប្រហែលជាល្អជាងការដឹងការពិតដែលថា អ្វីដែលយើងបានគិតទាំងអស់ វាគឺគ្រាន់តែជាការស្រម៉ៃរបស់យើងតែម្នាក់ឯង ដូច្នេះវាគ្មានអ្វីប្លែកទេដែលមនុស្សមួយចំនួនធំសុខចិត្តរស់ នៅក្នុងក្តីស្រម៉ៃរបស់ខ្លួន ច្រើនជាងការទទួលដឹងឮការពិតដែលធ្វើឲ្យបេះដូងគ្រាំគ្រា ព្រោះក្តីស្រម៉ៃដែលគិតថាគេម្នាក់នោះបានស្រឡាញ់ខ្លួនដែរ ក្តីស្រម៉ៃដែលធ្វើឲ្យខ្លួនមានក្តីសុខ ព្រោះខ្លួនបានលង់ស្រឡាញ់គេយ៉ាងខ្លាំងបាត់ទៅហើយ។
ទោះមិនបានជាមនុស្សទីមួយក្នុងចិត្តរបស់គេ មិនមែនជារឿងគួរឲ្យសោកសៅទេ យើងអាចមនុស្សទី២ ដែលវានៅល្អជាងជាអ្នកទី៣ ទី៤ ហើយប្រសិនយើងជាមនុស្សទី ១០ក្នុងចិត្តគេ ក៏សូមឲ្យគិតទុកថា វាល្អជាងការដែលយើងមិនមានភាពសំខាន់ក្នុងចិត្តគេសោះ។
សូមមេត្តាចងចាំទុកថា ប្រសិនបើបេះដូងអ្នកមិនទាន់ស្រែកទ្រហ៊ោយំចេញមកខ្លាំង និងមិនទាន់និយាយប្រាប់ខ្លួនឯងថា ខ្ញុំនឿយហត់ចិត្តខ្លាំងណាស់ សូមហាមចិត្តអ្នកទៅ មុននឹងការនឿយហត់ចិត្តច្រើនជាងនេះ កុំព្យាមស្រឡាញ់គេថែមទៀតគួរបណ្តោយតាមវាសនា អ្វីដែលត្រូវកើតវាត្រូវតែកើត គ្មានអ្នកអាចឃាត់វាបានឡើយ។ ហើយ… សូមរក្សាចិត្តស្រឡាញ់នោះតទៀតចុះ ព្រោះការស្រឡាញ់អ្នកណាម្នាក់ មិនត្រូវការ ការព្យាយាមទេ រីឯការកាត់ចិត្តឈប់ស្រឡាញ់ឯនោះទេ ដែលត្រូវការព្យាយាមយ៉ាងច្រើន។ សាកថ្លឹងថ្លែងទំងន់ក្នុងចិត្តយើងសាកមើលថា សេចក្តីសុខនៅពេលដែលអ្នកបានឃើញមុខគេ នៅក្បែរគេ ស្និតស្នាលនិងគេ មកថ្លឹងជាមួយនិង ទុក្ខសោកនៅពេលបេះដូងអ្នកស្រែកនឹកគេ ចង់ឮសំលេងគេ ចង់នៅក្បែរគេ តើមួយណាមានទំងន់ជាងមួយណា?
កុំបន្ទោសខ្លួនឯង ដែលមកជួបគេយឺតពេលបន្តិច កុំបន្ទោសខ្លួនឯងដែលស្រឡាញ់គេ កុំបន្ទោសថាហេតុអ្វីបានជាគេមិនមានចិត្តឲ្យយើង កុំខឹងនិងវាសនា កុំតវ៉ានិងព្រហ្មលិខិត ដែលនាំឲ្យយើងបានជួបគេ តែមិនអាចធ្វើឲ្យចិត្តគេស្រឡាញ់យើងដូចយើងស្រឡាញ់គេ។
បើដល់ពេលណាមួយដែលគេមិនអាចទទួលការស្រឡាញ់របស់អ្នកទេ សូមគិត និងនិយាយសុំទោសគេថា "សុំ ទោសដែលខ្ញុំស្រឡាញ់អ្នក សុំទោសដែលការស្រឡាញ់របស់ខ្ញុំរំខានដល់អ្នក ខ្ញុំពិតជាមិនអាចឈប់ស្រឡាញ់អ្នកបានទេ តែសូមអ្នកកុំបារម្មណ៍អី សុំបានត្រឹមស្រឡាញ់អ្នកតែម្ខាង ខ្ញុំមានសេចក្តីសុខណាស់ទៅហើយ សេចក្តីស្រឡាញ់របស់ខ្ញុំ មិនត្រូវការចម្លើយតបពីអ្នកវិញទេ" ។
ចូរញញឹមឲ្យខ្លួនឯង ទោះមកជួបគេយឺតពេលបន្តិច ទោះមិនអាចឲ្យគេស្រឡាញ់ខ្លួនបាន តែយ៉ាងណាស់ក៏យើងបានជួបគេ យ៉ាងហោចណាស់ក៏គេមានរូបយើងក្នុងបេះដូងគេខ្លះដែរ ទោះឋិតក្នុងថានះអ្វីក៏ដោយ។ ត្រឹមមួយកូនចំនិតក្នុងបេះដូងរបស់មនុស្សដែលយើងស្រឡាញ់ វាមានទំហំធំស្មើផែនដីទាំងមូលសំរាប់យើង។
ញញឹងឲ្យគេម្នាក់នោះផង ទោះបីគេមិនមានចិត្តឲ្យយើងច្រើនក៏ដោយ តែយ៉ាងហោចណាស់ក៏គេព្រមទទួលដឹងថា យើងស្រឡាញ់រូបគេ។ ញញឹមឲ្យជោគវាសនា ដែលធ្វើឲ្យយើងបានស្គាល់គ្នា។ អ្នកគួរសប្បាយចិត្តទៅវិញទេ ដែលគ្រាមួយក្នុងជិវិតរបស់អ្នក បានជួបមនុស្សម្នាក់ ដែលអ្នកចង់ផ្តិតស្នាមញញឹមរបស់គេទុកក្នុងបេះដូងតែម្នាក់ឯង ទុកក្នុងការចង
ចាំ ដ៏ផ្អែមល្ហែមតែម្នាក់ឯង សប្បាយចិត្តដែលបានជួបមនុស្សម្នាក់ដែល មានពេលខ្លះយកចិត្តទុកដាក់នឹងអ្នក ធ្វើឲ្យអ្នកសើច ធ្វើឲ្យអ្នកមានសេចក្តីសុខ ហើយនិងទ្រហ៊ោយំបានយ៉ាងមិនគួរឲ្យជឿ។
ទោះយ៉ាងណាក៏អ្នកបានជួបមនុស្សម្នាក់ដែលសូម្បីតែស្នាមញញឹមរបស់ គេ អាចធ្វើឲ្យថ្ងៃដ៏អាប់អួររបស់អ្នកស្រឡះភ្លឺថ្លាវិញបាន។ បានត្រឹមឃើញមនុស្សដែលខ្លួនស្រឡាញ់ សើច ញញឹម មានសេចក្តីសុខជាមួយនរណាម្នាក់ដែលគេស្រឡាញ់ ឬមានសេចក្តីសុខជាងការដែលគេនៅជាមួយយើង នេះហើយគឺជាសេក្តីសុខនៃការដែលបានស្រឡាញ់ យ៉ាងអស់ពីបេះដូង ហើយស្រឡាញ់គេតែម្ខាង ប៉ុណ្ណេះវាល្មមគ្រប់គ្រាន់ហើយ!








