គ្រឿងញៀន និង សុខភាព
ប្រភព៖ កម្មវិធីសុខភាពយុវវ័យ
ដោយ៖ សមាគមថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់


អ្វីទៅជាគ្រឿងញៀន?
គ្រឿងញៀន សំដៅសារធាតុ ឬផលិតផលដែលប៉ះពាល់ដល់អារម្មណ៍ ការគិត មើលឃើញ ឬបញ្ចេញ អាកប្បកិរិយារបស់មនុស្សប្លែកពីធម្មតា។
តើបារី និងគ្រឿងស្រវឹងជាគ្រឿងញៀនដែរឬទេ?
បារីជាគ្រឿងញៀនមួយប្រភេទ ដែលមានផ្ទុកសារជាតិគីមីជាង ៤០០០ ប្រភេទ ហើយញៀនខ្លាំងដោយសារជាតិ នីកូទីន និងជ័រថា។ ចំណែកគ្រឿងស្រវឹង គឺជាគ្រឿងញៀនមួយប្រភេទដែលញៀនដោយសារជាតិអាល់កូហូល។ ប៉ុន្តែ បារី និងគ្រឿងស្រវឹងធ្វើឲ្យប៉ះពាល់ដល់សុភាពធ្ងន់ធ្ងរ ដូចជាគ្រឿងញៀនដទៃទៀតដែរ។
តើគ្រឿងញៀនបង្កគ្រោះថ្នាក់អ្វីខ្លះ?
១- សុខភាពរាងកាយ
- ថ្លើម បេះដូង តំរងនោម និងសួតត្រូវខូចខាតដោយសារជាតិពុល និងដោយសារជំងឺផ្សេងៗ ។
- រូបរាងកាយស្គមស្គាំង (ខ្វះជីវជាតិ) ដោយឥទ្ធិពលគ្រឿងញៀនធ្វើឲ្យមិនងុយដេក និងការឃ្លានថយចុះ ។
- ផ្លាស់ប្តូរបុគ្គលិកលក្ខណៈ និងរូបកាយ ។
- មិនងងុយដេក កំលាំងកាយចុះថយ ឬមិនស៊ីសង្វាក់ ។
២- សុខភាពផ្លូវចិត្ត
- ស្មារតីមិននឹងនរ មើលឃើញ ឬស្តាប់អ្វីដែលគ្មានការពិត កើតការសង្ស័យផ្តេសផ្តាស មិនទុកចិត្តគេ ធ្វើបាបអ្នកដទៃ ។
- ការចងចាំថយចុះ ឬបាត់បង់តែម្តង ដោយសារការថយចុះនៃដំណើរការនៃមុខងារផ្សេងៗ របស់ខួរក្បាល ។
- ការប្រើរយៈពេលយូរជះឥទ្ធិពលសាហាវទៅលើខួរក្បាល ដែលធ្វើឲ្យអ្នកប្រើឡប់សតិ ឬឆ្កួត ។
៣- វិបត្តិគ្រួសារ
- ការបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ ។
- ការបង្កការភ័យខ្លាច និងគ្រោះថ្នាក់ក្នុងគ្រួសារ ។
- ការចំណាយលុយសំរាប់ធ្វើការព្យាបាលខ្លួន ។
៤- វិបត្តិសង្គម
- ការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មផេ្សងៗ ។
- គ្រោះថ្នាក់ចរាចរ ។
មូលហេតុដែលនាំឲ្យយុវវ័យប្រឡូកគ្រឿងញៀន
១- កត្តាខ្លួនឯង
- ការចង់សាកល្បង ភាពភ្លើតភ្លើន ចង់សប្បាយ និងអស់សង្ឃឹមនឹងរឿងអ្វីមួយ ។
- ការចូលចិត្តធ្វើតាមនរណាម្នាក់ ឬតាមភាពយន្តវីដេអូ ។
- អ្នកធ្វើការប្រើកំលាំងខ្លាំង ដូចជាកម្មករនេសាទ សំណង់ ឬអ្នករត់តាក់ស៊ី (ដោយយល់ថាថ្នាំញៀនជួយលើកកម្លាំង) ។
២- កត្តាគ្រួសារ
- ភាពក្រីក្រក្នុងគ្រួសារជាមូលហេតុនាំឲ្យយុវវ័យចាកចេញពីផ្ទះ ស្វែងរកការងារធ្វើដែលអាចប្រឈមមុខជាមួយក្រុមប្រើគ្រឿងញៀន និងអាចឈានទៅរកការប្រើប្រាស់គ្រឿងញៀនដោយខ្លួនឯង ។
- ការមិនយកចិត្តទុកដាក់ពីសំណាក់ឪពុកម្តាយដែលធ្វើឲ្យកូនខ្វះភាពកក់ក្តៅ ចាកចេញពីគ្រួសារទៅសេពគប់ជាមួយក្រុមប្រើគ្រឿងញៀន ។
- គ្រួសារដែលមានអំពើហឹង្សាក្នុងគ្រួសារធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ផ្លូវចិត្តរបស់កូនដែលកកត្តានាំឲ្យប្រឈមមុខខ្លាំងជាមួយការប្រើគ្រឿងញៀន ។
តើត្រូវដោះស្រាយយ៉ាងណា នៅពេលមានមិត្តភក្តិគូកន ឬនរណាម្នាក់មកបបួលអ្នកឲ្យសាកល្បងប្រើគ្រឿងញៀន?
១- មុនសេពគប់មិត្ត ត្រូវស្គាល់ឲ្យច្បាស់ ព្រោះមានមិត្តនាំឲ្យល្អ និងមានមិត្តនាំឲ្យវិនាស ។
២- ប្រើជំនាញចរចារដោះស្រាយដោយប្រើពាក្យ៖
- ខ្ញុំមិនចង់
- ខ្ញុំជាប់រវល់
- ខ្លាចឪពុកម្តាយខ្ញុំដឹង ព្រោះគាត់កាចណាស់
- ខ្ញុំប្រើមិនបាន ព្រោះសុខភាពខ្ញុំខ្សោយ (ឧទាហរណ៍៖ ឈឺបំពង់ក ឈឺក្រពះ ឈឺថ្លើម … ។ល។)
៣- មិនត្រូវសាកល្បងប្រើគ្រឿងញៀន សូម្បីតែមួយដងក៏ដោយ ។
អន្ទាក់គ្រឿងញៀន
- នៅពេលជនណាម្នាក់មកបញ្ចុះបញ្ចូលឲ្យយើងធ្វើអ្វីមួយដើម្បីសំរេចបំណងរបស់គេ ពួកគេតែងតែប្រើគ្រប់មធ្យោបាយដូចជាការបបួលត្រង់ៗឲ្យប្រើគ្រឿងញៀន ដោយព្យាយាមពន្យល់ថា គ្រឿងញៀនធ្វើឲ្យសប្បាយចិត្ត អាចបំបាត់ទុកព្រួយ និងកង្វល់ផ្សេងៗ ។ ធ្វើឲ្យមានកំលាំងអាចធ្វើការងារអ្វីបានសំរេច ធ្វើឲ្យមានប្រាជ្ញាវាងវៃ និងការចងចាំបានល្អ ។ល។
- ការលួចដាក់ក្នុងអាហារ ឬភេសជ្ជៈ វិធីនេះកើតមានពេលស្រស់ស្រូបអាហារជាក្រុមពី២នាក់ឡើងទៅ ហើយអាចជាអ្នកដែលយើងទុកចិត្តបំផុត ។
ការផ្តាច់គ្រឿងញៀន
ចំពោះអ្នកជ្រុលខ្លួនប្រើគ្រឿងញៀនទៅហើយ បើមានចំណងចង់បញ្ឈប់ ត្រូវធ្វើតាមវិធីខាងក្រោម៖
១- មានការសំរេចចិត្តច្បាស់លាស់ថា ឈប់ប្រើគ្រឿងញៀន និងការតាំងចិត្តតស៊ូការលំបាក និងការសំរបខ្លួនទៅនឹងភាពគ្មានគ្រឿងញៀន ។
២- ជៀសឲ្យឆ្ងាយពីដៃគូ ឬក្រុមដែលខ្លួនធ្លាប់ប្រើគ្រឿងញៀនជាមួយ ឬអ្នកដែលបង្ខំឲ្យប្រើគ្រឿងញៀន ។
៣- រកអ្នកផ្តល់ប្រឹក្សាដើម្បីពិភាក្សាជួយក្នុងការផ្តាច់គ្រឿងញៀន ។
៤- រកកន្លែងព្យាបាលជំងឺដែលកើតមានក្រោយពេលប្រើគ្រឿងញៀន ។








