វិធីកម្ចាត់ក្លិនមាត់ស្អុយអាក្រក់
ក្លិនមាត់ជាបញ្ហាមួយដែលគេតែងតែជួបជាញឹកញាប់ទៅលើមនុស្សស្ទើរគ្រប់វ័យ។ ក្លិនដ៏ជាទីមិនគួរប៉ងប្រាថ្នានេះ កើតច្រើនឬតិចទៅតាមសុខភាពរាងកាយ និងការចេះថែទាំរបស់មនុស្សម្នាក់ៗ។
តាមពិតក្លិនមាត់មកពីមូលហេតុច្រើនយ៉ាង ដូចជាកើតពីអាហារដែលយើងទទួលទានចូលទៅ កម្ទេចកម្ទីអាហារដែលជាប់ទើរសល់នៅតាមចន្លោះធ្មេញ បាក់តេរីនៅក្នុងស្ករកៅស៊ូ ការទទួលទានអាហារមិនត្រូវតាមរោគជំងឺ ការឆ្លងមេរោគតាមប្រព័ន្ធដកដង្ហើម ប្រព័ន្ធរំលាយអាហារកើតអាការៈខុសពីប្រក្រតី ការចុះអន់ថយនិងពុកខូចរបស់ធ្មេញ។ ក្រៅពីនេះការជក់បារី និងមេរោគមួយប្រភេទ នៅជាប់អណ្តាតក៏ជាអ្នកនាំឱ្យមាត់មានក្លិនអាក្រក់ចេញមកខាងក្រៅដែរ។
សម្រាប់វិធីកម្ចាត់ក្លិនមាត់អាក្រក់ចេញពីមាត់អ្នកអាចអនុវត្តបានដូចជាៈ
១-កុំបណ្តែតបណ្តោយទុកឱ្យមាត់ស្ងួត ព្រោះនៅពេលមាត់ស្ងួតហើយ ចំនួននៃបាក់តេរីក្នុងមាត់នឹងកើនខ្ពស់ឡើងទ្វេដង នាំឱ្យកើតក្លិនមាត់ជះមកផ្នែកខាងក្រៅងាយណាស់ ។
២-ទទួលទានទឹកឱ្យបានច្រើនដើម្បីជួយលាងបាក់តេរីចេញពីទឹកមាត់។
៣-ដុសធ្មេញរាល់លើកក្រោយពីទទួលទានអាហារនិងកុំភ្លេចដុសផ្នែកខាងលើនៃបរិវេណផ្ទៃអណ្តាតខ្លះផងដើម្បីកំចាត់បាក់តេរីមួយចំនួនចេញពីអណ្តាត។
៤-ប្រើក្រណាត់សូទ្រខាត់ធ្មេញមួយថ្ងៃឱ្យបាន២-៣លើក។
៥-បើសិនជាមានការលំបាកក្នុងការដុសសំអាតធ្មេញ ឱ្យប្រើវិធីខ្ពុលមាត់ដោយទឹកទទេឬទឹកថ្នាំខ្ពុលមាត់វិញ។
៦-ទំពាស្ករកៅស៊ូប្រភេទដែលគ្មានស្ករ ។
៧-ទំពាស្លឹកជីរណា ឬធាងម្លូក្រោយពីទទួលទានអាហារ។
៨-ផ្អាកទទួលទានអាហារដែលមានក្លិនខ្លាំងដូចជាខ្ទឹមស ខ្ទឹមក្រហម ម្រេច ៘
៩-ចៀសវាងទទួលទានកាហ្វេឬគ្រឿងភេសជ្ជៈដែលធ្វើឱ្យកើតក្លិនមាត់ ។
១០-ទទួលទានអាហារឱ្យបានគ្រប់មុខទោះបីថា អ្នកកំពុងបញ្ចុះទម្ងន់ក៏ដោយ ។
១១-ផ្អាកជក់បារី។
១២-ត្រួតពិនិត្យធ្មេញឱ្យបានជាប្រចាំ។
ការថែរក្សាសុខភាពមាត់ជាសារសំខាន់បំផុតដែលទាំងនេះបញ្ជាក់ពីបុគ្គលភាពរបស់អ្នកមិនគួរធ្វេសប្រហែសឬមើលរំលងវាឡើយ។
(អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា)








