ការរំលូតកូន
និយមន័យ ៖
ការរំលូតកូន គឺជាការយកចេញនូវទារកក្នុងផ្ទៃមុនពេលត្រូវសម្រាលតាមធម្មតា ។ ជាទូទៅការរំលូតកូននេះមិនមានគ្រោះថ្នាក់អ្វីទេ
ប្រសិនបើធ្វើនៅពេលដែលផ្ទៃពោះមានអាយុតិចជាង ១២ សបា្តហ៍ និងធ្វើដោយគ្រូពេទ្យដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ។ ការរំលូតកូននេះ ជួនកើតឡើងដោយឯកឯងដែលគេហៅថា រលូត ។ ជួនកាលទៀតកើតឡើងដោយគេពន្លូតចោល ។ ករណីបែបនេះគេហៅថាការរំលូត ។
មាត្រា ៧ និង ៨ ច្បាប់រំលូតកូននៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ’វេជ្ជបណ្ឌិត ឬគ្រូពេទ្យមធ្យមដែលមានភារកិច្ចធ្វើការរំលូតកូន ត្រូវពន្យល់ណែនាំដល់ស្ត្រីដែលមានគភ៌ ដែលមកសុំធ្វើការរំលូតកូន ពីគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ បណ្តាលមកពីការរំលូតកូននេះ និងពីផលប្រយោជន៍នៃកិច្ចពន្យារកំណើត ។ ប្រសិនបើស្ត្រីដែលមានគភ៌នោះ នៅតែទទូចសុំធ្វើការរំលូត វេជ្ជបណ្ឌិត ឬគ្រូពេទ្យមធ្យម ឬឆ្មមមធ្យមអាចធ្វើការរំលូតបាន តែត្រូវស្ថិតក្នុងលក្ខខ័ណ្ឌដូចមានក្នុងមាត្រា ៨ នៃច្បាប់នេះ" ។
ការរំលូតកូនអាចធ្វើទៅបាន ចំពោះគភ៌ណាដែលមានអាយុតិចជាង ១២ សបា្តហ៍ ។ លើសពី ១២ សបា្តហ៍នៃអាយុគភ៌ ការរំលូតកូនអាចទទួលការអនុញ្ញាតបាន លុះត្រាធ្វើរោគវិនិច្ឆ័យឃើញថា ៖
-គភ៌នោះមានភវនីយភាពមិនលូតលាស់ដូចប្រក្រតី ឬបង្កគ្រោះថ្នាក់ដល់ជីវិតម្តាយ
-កូនដែលកើតមកអាចមានជំងឺធ្ងន់ធ្ងរព្យាបាលពុំជា-ក្នុងករណីដែលត្រូវគេរំលោភបណ្តាលឱ្យមានគភ៌ ការរំលូតអាចប្រព្រឹត្តទៅបាន ដោយមិនគិតពីលក្ខខ័ណ្ឌដូចមានចែងខាងលើ តែត្រូវមានការស្នើសុំពីសាម៉ីខ្លួន បើស្ត្រីនោះមានអាយុ ១៨ ឆ្នាំឡើងទៅឬការស្នើសុំដោយទទូចពីឪពុកម្តាយ ឬអាណាព្យាបាល និងសាម៉ីខ្លួន បើស្ត្រីដែលមានគភ៌មានអាយុតិចជាង ១៨ ឆ្នាំ ។
ការសម្រេចនៃបញ្ហានេះ ត្រូវមានការឯកភាពពីក្រុមគ្រូពេទ្យ ២ ឬ ៣ រូបរួមទាំងសាម៉ីខ្លួនផង ។ លក្ខខណ្ឌបច្ចេកទេសសម្រាប់ការអនុវត្តន៍នៃមាត្រានេះ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសុខាភិបាល" ។
គ្រោះថ្នាក់ដែលទាក់ទងនឹងការរំលូតកូន មានការករោគផ្សេងៗដូចជា រលាកស្បូន ធ្លាយស្បូន កូនកើតមិនគ្រប់ខែ ឬអាចគ្មានកូនមួយជីវិត ឬអាចធ្លាក់ឈាមនៅពេលមានផ្ទៃពោះលើកក្រោយ ឬគ្រោះថ្នាក់បណ្តាលដល់ស្លាប់ក៏សឹងមាន ។ ផលវិបាកដែលធ្ងន់ធ្ងរនោះ គឺសុខភាពស្ត្រីចុះទ្រុឌទ្រោម ស្លេកស្លាំង ងាយនឹងទទួលការយាយីនៃមេរោគទាំងឡាយ ដែលបណ្តាលឱ្យមានវិប្បដិសារីអស់មួយជីវិតដោយបញ្ហានេះ ។ នៅក្នុងមាត្រា ១២ និងមាត្រា ១៤ នៃច្បាប់រំលូតកូនបានចែងថា ’ជនទាំងឡាយណាដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ៥ និងមាត្រា ៦ នៃច្បាប់នេះត្រូវទទួលទណ្ឌកម្ម និងទណ្ឌទោសដូចខាងក្រោម ៖
បើជាវេជ្ជបណ្ឌិត ឬគ្រូពេទ្យមធ្យម ឬជាឆ្មបមធ្យមត្រូវព្រមាន ។ ក្នុងករណីមិនរាងចាលត្រូវបពា្ឈប់ពីមុខងារ ឬបិទគ្លីនិក ឬមន្ទីរសម្ភពនោះ ដោយមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌដូចចែងខាងក្រោមនេះ ។
បើមិនមែនជាវេជ្ជបណ្ឌិត ឬគ្រូពេទ្យមធ្យម ឬជាឆ្មបមធ្យមត្រូវផ្តន្ទាទោសដាក់ពន្ធនារគារពី ១ ខែ ទៅ ១ ឆ្នាំ ។
-បើការរំលូតកូននោះបណ្តាលឱ្យស្ត្រីមានគភ៌មានជំងឺរ៉ាំរ៉ៃ ឬពិការត្រូវផ្តន្ទាទោសពី ១ ឆ្នាំទៅ ៥ ឆ្នាំ ។
-បើការរំលូតកូននោះបណ្តាលឱ្យស្ត្រីដែលមានគភ៌មានគ្រោះថ្នាក់ដល់ស្លាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំទៅ ១០ ឆ្នាំ" ។
ជនទាំងឡាយណាដែលបង្ខិតបង្ខំឱ្យស្ត្រីដែលមានគភ៌ធ្វើការរំលូតកូន ឬធ្វើឱ្យរំលូតកូនដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំទៅ ៥ ឆ្នាំ ។ បើការបង្ខិតបង្ខំឱ្យស្ត្រីដែលមានគភ៌ធ្វើការរំលូតកូន ឬធ្វើឱ្យរំលូតកូនដោយចេតនានោះ បណ្តាលឱ្យស្ត្រីដែលមានគភ៌មានជំងឺរ៉ាំរ៉ៃ ពិការ ឬបណ្តាលឱ្យស្លាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំទៅ ១០ ឆ្នាំ" ។
គោលនយោបាយរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតបញ្ហាជាចម្បងទៅលើសុខភាពរបស់ស្ត្រី ។ គោលនយោបាយនេះត្រូវបានគេចាត់ទុកថា បានបំពេញភារកិច្ចដ៏ល្អក្នុងការបង្កលក្ខណៈត្រឹមត្រូវ និងសមស្របសម្រាប់សុខភាពមាតា និងកុមារ ជាពិសេសសម្រាប់មាតុភាពគ្មានគ្រោះថ្នាក់ ។ ការបង្កើតគោលនយោបាយនៃការរំលូតកូន ការស្រាវជ្រាវមូលហេតុមរណៈនៃមាតា និងទារកការបង្កើតគោលនយោបាយនៃមធ្យោបាយពន្យារកំណើតជាអចិន្ត្រៃយ៍នៃសេវាឯកជន និងហិរញ្ញកិច្ចសុខាភិបាល បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រមូល និងប្រើប្រាស់ធនធានព្រមទាំងផ្តល់គ្រឹះយ៉ាងមាំសម្រាប់ការបង្កើតយុទ្ធវិធី និងសកម្មភាពដែលធ្វើឱ្យមាតុភាពគ្មានគ្រោះថ្នាក់នេៅកម្ពុជា បានប្រកបដោយប្រសិទ្ធភាព ។
( ដកស្រង់ចេញពី ទស្សនាវដ្តីវេទិកាស្ត្រី ចេញផ្សាយ ឆ្នាំទី២ លេខ ៤ ខែ ឧសភា ឆ្នាំ ១៩៩៩ ‘ការរំលូតកូន " ទំព័រ ៦-៧ )
ឯកា
ពុទ្ធោអើយ






