សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

May 9, 2007

អូនត្រូវការបងកុហក!

ឯកា  កណ្តោច កណ្តែង​ បង្កើត ឡើង​ជា​អាម្មរណ៍​អផ្សុក​សម្រាប់​មនុស្ស​គ្រប់​រូប​គេ​ថា​ស្នេហា​អាច​ធ្វើឲ្យ មនុស្ស​ខ្វាក់ភ្នែក​បាន​ ​ស្នេហា​​អាច​ដឹកនាំផ្លូវ​មនុស្សឲ្យ​ដើរទៅ​រកភាព​រុងរឿង​បាន ហើយ​ ក៏​​អាចបំផ្លាញមនុស្សបានផងដែរ។ តែភាព​ឯកាក្នុង​បេះ​ដូង​​​ ដែល​ជាដើមហេតុនៃការអផ្សុក ជាអារម្មណ៍ ម្យ៉ាង មាន​ឥទ្ធិពល​លើការ​ប្រព្រឹត្ត​របស់​មនុស្ស​មិន​ចាញ់​ស្នេហា​ទេ។ ការ ហ្នឹង​បើកចិត្តទទួល​អ្នក ម្នាក់​ឲ្យមក​នៅ​បេះដូង​យើងបាន​ជា​អ្វី​សំខាន់​ខ្លាំង​ណាស់​ យើង​អាច​ត្រូវ​ប្រើពេល​វេលា​ល្មមសម​គួរ​ក្នុង​ការ​ កសាង នូវទំនុក​ចិត្ត​លើ​គេ​ម្នាក់​នោះ មនុស្ស​នឹង​ធ្វើការ​ អនុញ្ញាតិ​​ឲ្យគេ​ឈាន​ជើង​ចូល​ក្នុង​បេះដូង យើង​បាន​ ព្រោះ​បើមាន​ការ​ធ្វេស​ប្រហែស​ក្នុង​ប្រការណា​មួយ​ នោះ​ស្នេហា​ដែល​កើត​មាន​ឡើង នឹង នាំមក​ នូវភាព ឈឺ​ចុក​ចាប់​ជំនួស​ភាព​ផ្អែម​ល្អែម​កក់​ក្តៅ​តែ​អ្នក​ប្រាថ្នា​ពីវាជាក់​ជាមិន​ខាន​។

នាង​ខ្ញុំបាន​ចាកចេញ​ពីស្រុក​កំណើតមក​រៀន​បន្តនៅ​ភ្នំពេញ ហើយ​បាន​ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន ឯកជន​មួយ​ក្រោយ​ពីបាន​បញ្ចប់ការ​សិក្សា​នៅ​មហា​វិទ្យាល័យ​ផ្នែក គណនេយ្យ​។ បន្ទាប់ពីមាន​បញ្ហារកាំរកូស​ក្នុងគ្រួសារ​សាច់ញាតិ​ដែលនាង​ខ្ញុំបាន​មក​ ស្នាក់​នៅជា​មួយ​នៅ​ភ្នំពេញ នាងខ្ញុំ​បាន​សម្រេច​ចិត្តចេញ​ពីផ្ទះគាត់ ហើយបាន​ជួល​បន្ទប់មួយ​នៅម្នាក់​ឯង​អស់រយៈជិត​២ឆ្នាំ​ហើយ​។​

ពិសិដ្ឋ​ជា​កំលោះ​ម្នាក់ មាន​អាយុ​ច្រើនជាង​ខ្ញុំ ៥ឆ្នាំ គាត់ជា​ប្រធាន​ផ្នែក​បុគ្គលិក​ ក្នុង​ក្រុមហ៊ុន​ឯកជន​ដែល​នាងខ្ញុំ​ធ្វើការ​។ យើង​បាន​ស្គាល់គ្នា​ជិតដិត​ក្រោយ​ពីធីជប់លៀង​ដំណាច់ឆ្នាំ​របស់​ក្រុមហ៊ុន​។​ គាត់​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​ណាស់ គាត់​តែង​ទូរស័ព្ទមក​និយាយ​លេង​ជា​មួយខ្ញុំ ស្ទើររាល់​យប់ ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃសម្ព័ន្ធភាពយើង​កាន់តែមានភាពផ្អែម​ល្ហែមខ្លាំង​ទៅ។ គាត់​បាន​ធ្វើ​ឲ្យភាព​អផ្សុក​ដែល​នៅ​ជាមួយ​ខ្ញុំជាយូរមក​ហើយ​រសាត់​ទៅបាត់ ជំនួស​មកវិញ​នូវភាព​រីករាយ​ស្រស់ថ្លា។

២ខែកន្លង​មក នៅ​យប់​ថ្ងៃបុណ្យ​សង្សារ​ឆ្នាំ ២០០៥​ ពិសិដ្ឋបាន​ណាត់​ខ្ញុំទៅញ៉ាំ​បាន​ជាមួយ​ខាង​ក្រៅ​ជា​មួយ​គាត់ ហើយ​នៅ យប់​នោះ​គាត់​បាន​សារភាព​ប្រាប់​ខ្ញុំថា គាត់​ស្រឡាញ់​ខ្ញុំ ស្រឡាញ់​តាំង​ពី​បានជួប​ភ្លាម គាត់​មិនអាច​រស់​នៅដោយ​គ្មាន​រូប​ខ្ញុំ​បាន​ទេ ពាក្យ​សម្តី​សារ​ភាព​ស្នេហ៍ដ៏ផ្អែម​ល្អែម​របស់គាត់​បាន​ធ្វើឲ្យ​នាង​ខ្ញុំគាំង ព្រោះ​ចិត្ត​រំភើប នឹង​ការ​ខ្មាស់អៀន ខ្ញុំ​លួចក្តិច​ដៃ​ខ្លួន​ឯង​ ដើម្បី​បញ្ជាក់​ថា​មិន​មែន​ជា​ការ​យល់​សប្តិ ក្រោយ​ពេល​ប្រមូល​ជំហ តាំង​សតិអារម្មណ៍​បាន ខ្ញុំក៏បាន​និយាយ​តប​ទៅ​គាត់​វិញ​ភ្លាម​ដែរ​ថា ខ្ញុំក៏​បាន​ស្រឡាញ់​ដែរ។ អ្វីៗ​គ្រប់យ៉ាង​ហាក់​ដូច​ជាចុះ​សម្រុង ហើយ​បើក​ផ្លូវសម្រាប់​ស្នេហា​យើង​ទាំង​ពីរ។


ក្រោយ​ពីបាន​រស់​នៅជា​មួយ​គ្នា​យ៉ាង​មាន​សេចក្តីសុខ​បានជាង​កន្លះឆ្នាំ ខ្ញុំសង្កេត​ឃើញ​គាត់​មាន​ការ​ប្រែប្រួល​មិនសូវ​ដូច​ពីមុន​ នាង​ខ្ញុំ​ខ្លាច​ខ្លាំង​ណាស់​ខ្លាច​ថា​គាត់​លែង​ស្រឡាញ់​នាងខ្ញុំ​ តែនាង​ខ្ញុំមិនហ៊ាន​ធ្វើអ្វីទេ​ សូម្បីតែ​សួរ​គាត់ ខ្ញុំបាន​ត្រឹម​បន្លប់​ចិត្ត​ខ្លួនឯង​ថា​ គាត់អាច​មាន​បញ្ហា​នៅកន្លែង​ធ្វើការ​ហើយ ឬគ្រួសារ​គាត់​មាន​រឿង​អ្វីមួយ​មិន​ខាន បាន​ជា​គាត់ត្រូវ​គិត​ច្រើន ហើយ​មិនសូវ​យក​ចិត្ត ទុក​ដាក់​នាងខ្ញុំ​ដូច​មុន​។

ថ្ងៃមួយ​គាត់​ចូល​បន្ទប់ទឹក​ ទូរស័ព្ទ​គាត់បានរោទ៍​ឡើង សំឡេង​ស្រីម្នាក់​យំក្នុង​ទូរស័ព្ទ ហើយ​និយាយ​ឡើង​ទាំង​មិន​ខ្វល់​ស្តាប់​ថាអ្នក​ណាជា​អ្នកទទួល​ទូរស័ព្ទថា "អូន​សុំទោស​បងពិសិដ្ឋ អូនបាន​លែង​លះជា​មួយ​ប្តីអូន​ហើយ ឪពុក​ម្តាយអូន​ក៏លែង​បង្ខំអូន​ទៀត​ដែរ អូន​នៅ​តែស្រឡាញ់​បង​ជានិច្ច បងកុំបោះបង់អូន​ចោល​ណា អូន​គ្មាន​សល់​អ្នក​ណា​ទៀត​ទេ … " ភ្លាម​នោះ​នាង​ខ្ញុំ​ហាក់​ស្រាល​ខ្លួន​ដូច​ក្រដាស់ ងងឹត​ទាំង៨​ទិស គាំង​និយាយ​អ្វីមិន​ចេញបាន​ត្រឹម​ឈរ ធ្មឹង​សម្រក់​ទឹកភ្នែក​ចុះ​មក​ដូច​ពេញ​ថ្ពាល់​។​

ពិសិដ្ឋ​និយាយ​ប្រាប់​ថា កញ្ញា​ជា​សង្សារ​ចាស់​របស់គាត់ នាងតាម​ឪពុក​ម្តាយ​ទៅរៀប​ការ​ជាមួយ​កូន​អ្នកមាន តែ​ឥឡូវ​នាង​បាន​លែង​លះជាមួយ​គេហើយ ព្រោះមិន​អាចរបស់​នៅជា​មួយគ្នា​បាន គាត់បាន​ដឹង​រឿង​នេះ​តាម​មិត្តភក្តិប្រហែល​កន្លះ​ខែ​ហើយ​​ ទើបគាត់​មិន​សូវសប្បាយ​ចិត្តមួយ​រយៈ​កន្លង​មក។ ពិសិដ្ឋ​ប្រាប់​ខ្ញុំ​ថា កុំគិត​ច្រើនអី គាត់​នៅ​តែស្រឡាញ់​ខ្ញុំដដែល​ រឿង​កញ្ញានិង គាត់​មិន​អាចត្រឡប់​មក​ដូចដើម​បាន​ទេ គាត់​ឈឺចុក​ចាប់ខ្លាំង​ណាស់​ព្រោះ​នាង​។

ពិត មែន​ថាខ្ញុំមិនបាន​ធ្វើ​ចិត្តខ្ញុំ​ឲ្យ​ភ្លេច​រឿងរ៉ាវ​ដែលកើតឡើងបាន​មួយរយ​ ភាគ​រយ តែ​ខ្ញុំបាន​​ប្រឹងប្រាប់ខ្លួនឯងថា​ ពិសិដ្ឋ​ស្រឡាញ់​ខ្ញុំ មិន​យូរប៉ុន្មាន​អ្វីល្អ នឹងល្អ​ឡើងវិញដូច​ដើមជា​មិនបាន។ ល្ងាច​ថ្ងៃមួយ​ក្រោយ​ពេល​ចេញពី​ធ្វើការ ពិសិដ្ឋ បាន​មករកខ្ញុំ​នៅផ្ទះ​ទាំង​ទឹកមុខក្រៀម​ក្រំ ហើយ​និយាយ​មក​ខ្ញុំថា "សុំទោស ខ្ញុំមិនបានបំភ្លេច​ កញ្ញា បាន​ទេ សុំទោស​សម្រាប់​អ្វីៗ​កន្លង​មក"

ពុទ្ធោ​អើយ ហេតុអ្វីបាន​ជា​មាន​រឿង​ដូច្នេះ​កើត​ឡើងមក​លើ​រូបនាង​ខ្ញុំ ហេតុអ្វីបាន​ជា​វាកើត​ឡើងលឿន​ម្ល៉ោះ​? នេះ ខ្ញុំពិត​ជា​ត្រូវ​ទទួល​ស្គាល់​វាភ្លាមៗ​អញ្ចឹង​មែនទេ? ពិសិដ្ឋ តើបង​អាច​ ជួយ​ធ្វើជា​ស្រឡាញ់រូប​អូន​ ពីរខែទៀត​បាន​ទេ​ ហើយ​ផ្តល់​ជា​សញ្ញា​បន្តិច​ម្តងៗ​ថាដើម្បី​ឲ្យអូន​បាន​តាំង​ជំហ៊​ផង បើបង​មិនយល់ដល់ស្នេហាស្មោះ​ដែល​អូន​មាន​ចំពោះ​បង សូម​បង​យល់ដល់​ស្នាម​ស្នេហានៅ​លើបេះដូង​អូន​ផង។

អូន​ខំ​សន្សំចិត្ត សាង​ស្នេហ៍មក​ជា​យូរណាស់​មកហើយ បើ​គិតជា​នាទី​វិញមិនដឹង​ជាប៉ុន្មាន​សិបលាន​នាទី​ទេ តែ​នៅ​សុខៗ​ស្រាប់​តែ​បង​មកប្រាប់​បញ្ចប់​ស្នេហ៍ថ្ងៃនេះ ដោយ​ប្រើពេល​ត្រឹម កន្លះ​វិនាទី ជា​មួយ​ពាក្យបួន​ម៉ាត់ហ្នឹងឬ? បង​និយាយ​ចេញ​មក​ងាយ​ណាស់​ បង​ធ្វើ​ខ្លួន​ដូច​ជា​មនុស្ស​ដែល​មិនធ្លាប់​ស្រឡាញ់​គ្នាអញ្ចឹង ឬក៏វា​ជា​ការពិត​ដែល​ថា កន្លង​មក​នេះ​បងមិន​បាន​ស្រឡាញ់​​អូន​ទេ បង​ធ្វើទៅគ្រប់​បែប​យ៉ាង​ដើម្បី កំដរភាព​អផ្សុក និង​បញ្ឈឺចិត្ត​ស្នេហ៍ចាស់​របស់​បង អូន​គ្រាន់​តែជា​ឧបករណ៍​កែអផ្សុក​របស់​បង​តែប៉ុណ្ណោះ​ ពិត​មែន​ទេ?

តែ​សម្រាប់​រូបខ្ញុំ គឺ​នៅ​ចាំអ្វីៗ​ទាំងអស់​ដែល​យើង​បាន​កសាង​ជាមួយ​គ្នា ធ្លាប់​ទូរស័ព្ទមកជជែក​គ្នា​លេង​សា​សង ពី គម្រោង ជិវិត​អនាគត​របស់​យើង​ ពេល​ណា​អផ្សុក​ក៏បបួល​គ្នា​ដើរលេង​ទៅ​គ្រប់ទី​កន្លែង ថ្ងៃ​សៅរ៍ ​អាទិត្យពេល​ទំនេរ​មិនចេញទៅណា ក៏នៅផ្ទះមើល​ទូរទស្សន៍​ជាមួយ​គ្នា នៅមាន​រឿងរ៉ាវ​ជា​ច្រើន​ទៀត​ដែល​វា​នៅដិត​ដាន​ក្នុង​ចិត្តរបស់ខ្ញុំ។ បងដឹងទេថា​អូន​ពិតជា​ពិបាក​​ទទួល​យក​វា​បាន​ណាស់ បើអាច​ទៅរួច​មែន​នោះ​ខ្ញុំចង់​លុប​អនុស្សារយ៍​កន្លង បាត់​ពីភ្លាមៗ​តែម្តង តែ​អូន​មិនអាច​ធ្វើទៅ​បាន​។

ម្ល៉ោះ​ហើយ​ទើប​អូន​សូម​អង្វរ​បង សូម​ត្រឹម​ថា​មុន​ពេល​ស្តាប់​ពាក្យ​ថា​បែក​គ្នា​ចេញ​ពីមាត់​បង​ អូន​សូម ពេលមួយ​រយៈឲ្យអូន​បាន​ធ្វើចិត្ត​បន្តិច​ផង។ ជួយធ្វើជា​ស្រឡាញ់ខ្ញុំ​ ២ខែ​ទៀត​បាន​ទេ សូមពន្យា​ពេល​ត្រឹម​ហ្នឹង គិត​ថា​បងអាចធ្វើទៅបាន ជួយ​បោកចិត្ត​ខ្ញុំបន្ត តិច​ទៀតប៉ុណ្ណោះ​ មុន​ពេល​ចាកចេញ​ពីអូន​ទៅ។

ព្រោះ​តែពាក្យ​ថា ឯកា ទើប​បង្កើតបាន​ជា​អារម្មណ៍​អផ្សុក ហើយ​ធ្វើ​ឲ្យរឿងរ៉ាវ​ស្នេហា​ឈឺចាប់នេះកើតមាន​ឡើង។ ភាព​អផ្សុក​បាន បើក​ទូលាយទ្វា​បេះដូង​ខ្ញុំឲ្យ​ទទួល​យករូបគេ ដោយមិន​បាន​គិត​ដល់​លទ្ធផល​ចុង​ក្រោយវា​ទៅ​ជាបែបណា វាបាន​ធ្វើឲ្យខ្ញុំភ្លេចទាំងពាក្យថាស្រឡាញ់ខ្លួនឯង វាបាន​ទាញក្តីស្រឡាញ់ដែលមាន​ទាងប៉ុន្មានដែល​ខ្ញុំមាន​ទៅឲ្យ​គេម្នាក់​នោះអស់​ គ្មានសល់​ឡើយ។ ភាព​អផ្សុក​បាន​បំពេរ​បេះដូង​ខ្ញុំឲ្យ​លង់លក់​ក្នុង​សុបិន្ត​ស្នេហា​ ហើយ​វា​បាន​ធ្វើឲ្យ​ខ្ញុំខ្លាច​នឹងទទួល​ស្គាល់​ការ​ពិត​ថែម​ទៀត​ផង។ សូម​កុំបណ្តោយ​ឲ្យភាព​អផ្សុក គ្រប់​គ្រង​ជិវិតអ្នក​ឲ្យ​សោះ។

 

2 Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2007/05/09/p208/trackback/

  1. សួរស្តី​តា​ខេម​ ខ្ញុំ​បាប​មើ​ល​website របស់តា​ជា​ច្រើន​ខែ​មក​ហើយ​តែ​ ក្នុង​គេហទំព័រ​របស់​តា​មិន​ឃើញ​មាន​អត្ថបទកំប្លែង​ចេញថ្មី​សោះ​ ខ្ញុំ​ពេល​ខ្លះ​អផ្សុក​ចង់​មើ​ល​អត្ថ​បទ​កំប្លែង​ និង​អត្ថបទអ្នក​មាន​វិបត្តិ​ស្នេហា​ជា​ដើ​ម​តែ​អត្ថ​បទ​ទាំ​ង​នោះ​ដដែល​ៗ​មិន​មាន​អ្វី​ថ្មី​សោះ​៕​ ជា​ចុង​ក្រោយ​សូម​លោក​តា​បញ្ចូល​អត្ថបទ​កំប្លែង​ឲ្យ​បាន​ច្រើន​ផង​៕​

    Comment by Anonymous — August 13, 2007 @ 3:17 am

  2. ស្តាប់​ទៅ​ដូច​ជា​មាន​អារម្មណ៍ឈឺចាប់​ដែរ​ ខ្ញុំ​មាន​អារ​ម្មណ៍ជា​នារី​អភ័ព្វ​ តើ​ហេតុ​អ្វី​បាន​ជា​នាង​ត្រូវការ​គេកុហុ​ក​ទៅ​ការ​ពិត​នៅ​តែ​ជា​ពិត​មិន​អា​ច​បំភ្លៃ​បាន​ទេ​ ស្េន​ហា​គឺ​បែប​នេះ​ឯង​ពេល​ចាប់​ផ្តើម​វា​ផ្អែម​ណាស់​ដល់​ទៅ​មាន​បញ្ហា​កើត​ឡើយ​ទៅ​ វា​ធ្វើ​ឲ្យ​យើ​ង​ឈឺ​ចាប់​រក​អ្វី​ប្រៀប​ពុំ​បាន​នោះ​ទេ បែប​គេ​ចោទ​សួរ​ថា​តើ​មាន​ស្នេហា​ធ្វើ​អ្វី​បើ​មាន​ហើយ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចាប់​បែប​នេះ​ លួច​ស្រលាញ់​គេ​ក៏​ពិបាក​ គេ​ព្រម​ស្រលាញ់​ហើយ​ក៏ពិបាក​គិត​នេះ​គិត​នោះ​ អើយ​ស្នេហា​ៗ ខ្ញុំ​ចង់​ចាប់​វា​ ពេល​រៀប​និង​ចាប់​ក្លាយ​ឈឺចាប់​ទៅ​វិញ​ ពិត​ជា​កំសាក​មែន​ មិន​ហ៊ានប្រឈម​មុខ​និង​អ្វី​ដែល​និង​កើ​ត​ឡើ​ង​។​ មិន​ចង់​មាន​ស្នេហា​ទេ​ តែ​ដល់​ពេល​ជួប​ បេះ​ដូង​បាន​ប្រគល់​ជូន​គេ​ដោយ​មិន​ដឹង​ខ្លួន​ទៅ​វិញ​ ខ្ញុំ​មិន​ចង់បាន​អ្វី​ដែល​ជា​ការ​ឈឺ​ចាប់​ទេ​។ គិត​ទៅ​ចិត្ត​មិន​ចង់​ស្រលាញ់​ តែ​ហេតុ​អ្វី​បាន​ចិត្ត​ចេះ​តែ​នឹក​គេ​ ។ សួរ​តា​ចុះ​ ដែល​តា​ផ្តល់​យោបល់​ឲ្យ​គេ​តើ​តា​មាន​ស្នេហា​ឬ​នៅ​? តើ​តា​ធ្លាប់​មាន​ការ​ឈឺចាប់​ទេ​? ប្រសិន​ជា​តា​ជា​មនុស្ស​ម្នាក់​ដែល​មាន​ឋានៈ ទ្រព្យ​សម្បត្តិ​ និង​ស្ថានភាព​នៅ​ខ្សត់​ខ្សោយ​នៅ​ឡើយ​ តើ​តា​ហ៊ាន​និយាយ​ថា​បង​ស្រលាញ់​អូន​ទេ​​​ នៅ​ពេល​ដែល​គេ​មាន​អ្វី​លើស​យើ​ង​ច្រើន​ដង​នោះ​ តើ​ពាក្យ​ថា​ស្រលាញ់​តែ​អូន​មួយ​ ស្មោះ​តែ​អូន​មួយ​គ្រប់​គ្រាន់​សំរាប់​គេ​ឬ​ទេ? ចុះ​បើ​គេ​ឆ្លើយ​ថា​បើ​ស្រលាញ់​មាន​សមត្ថ​ភាព​ចិញ្ចឹម​គេ​ឬទេ? តា​អើយ​តា​ តា​បក​ស្រាយ​ទៅ​មើល​?​

    Comment by Anonymous — August 14, 2007 @ 8:19 am

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.