ទឹកស៊ីអ៊ីវ ដែលផលិតនៅស្រុកយួនមានផ្ទុកសារធាតុកើតជម្ងឺមហារីក
សារព័ត៌មាន VNS របស់យួនបានផ្សាយថា អ្នកលក់ដូរមួយចំនួននៅក្រុងព្រៃនគរ បានធ្វើពហិកា មិនទិញទឹកស៊ីអ៊ីវ ដែលផលិតដោយក្រុមហ៊ុនស្បៀងអាហារក្នុងស្រុកចំនួន១៧ បន្ទាប់ពីអធិការសុខភាព បានរកឃើញសារធាតុកាស៊ីណូហ្សែន (Carcinogen) ក្នុងបរិមាណយ៉ាងច្រើននៅក្នុងទឹកស៊ីអ៊ីវ។ ក៏ប៉ុន្តែពួកអ្នកជំនាញការ ខាងសុខភាពរបស់យួន បាននិយាយថា ការធ្វើប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ឡើយ។
អគារធិការសុខាភិបាលទីក្រុងព្រៃនគរ បាននិយាយកាលពីថ្ងៃច័ន្ទថា ក្រុមហ៊ុនយួនចំនួន១៧ បានផលិតទឹកស៊ីអ៊ីវ ដែលមានផ្ទុកបរិមាណសារធាតុ 3-MCPD យ៉ាងច្រើន ដែលជាសារធាតុ បណ្តាលឱ្យមានជម្ងឺមហារីក។ យីហោទឹកស៊ីអ៊ីវចំនួន១០ ត្រូវបានសារព័ត៌មានមូលដ្ឋាន របស់យួនចុះផ្សាយកាលពីសបា្តហ៍កន្លងទៅ ហើយយីហោចំនួន៧ទៀត ត្រូវបានសារព័ត៌មានយួនចុះផ្សាយកាលពីដើមសបា្តហ៍នេះ។ កម្រិតបរិមាណ 3-MCPD ដ៏ច្រើនហួស ដែលគេរកឃើញ នៅក្នុងប៉ាន់ទឹកស៊ីអ៊ីវ បានធ្វើឱ្យអតិថិជនយួនមានការរន្ធត់យ៉ាងខ្លាំង។
សារធាតុ 3-MCPD គឺជាសារធាតុគីមីម្យ៉ាង ដែលគេហៅថា ក្លរ៉ូប្រូប៉ាណុល (Chloropropanols) ដែលកើតឡើងពីការញែកប្រូតេអ៊ីនចេញពីរុក្ខជាតិ ដូចជាសណ្តែកសៀង ដោយប្រើអាស៊ីដក្លរីឌ្រិច។ សារធាតុ 3-MCPD ត្រូវគេដឹងថា ជាសារធាតុដែលបង្កឱ្យមានជម្ងឺមហារីកដល់សត្វ ប៉ុន្តែពួកអ្នកវិទ្យាសាស្ត្រ និយាយថា វាក៏អាចបង្កជម្ងឺមហារីក ដល់មនុស្សដែរ បើសិនជាសារធាតុ 3-MCPD នោះមានច្រើនហួសកម្រិតនៅក្នុងចំណីអាហារ ជាពិសេសគឺនៅក្នុងទឹកស៊ីអ៊ីវ។ នៅឆ្នាំ២០០១ គណៈកម្មការអឺរ៉ុប បានអនុម័តនូវបទបញ្ញត្តិមួយ ដោយកម្រិតឱ្យមានបរិមាណសារធាតុ 3-MCPD 0,02 មីល្លីក្រាមប៉ុណ្ណោះ ក្នុង១គីឡូក្រាមទឹកស៊ីអ៊ីវគោក។
ប្រធានអធិការកិច្ច ង្វៀងឌឹកអាន បាននិយាយថា មន្ទីរសុខាភិបាល បានបញ្ជាឱ្យអ្នករំលោភច្បាប់ ឈប់លក់ទឹកស៊ីអ៊ីវទាំងនោះ ដែលអាចមានផ្ទុកសារធាតុ 3-MCPD ។ លោក អាន បាននិយាយថា គេបានតម្រូវ ឱ្យពួកអ្នករំលោភច្បាប់ទាំងនោះ ចូលរួមក្នុងកិច្ចប្រជុំ ដើម្បីស្តាប់ការណែនាំពីរបៀបញែកសារធាតុ 3-MCPD ដែលច្រើនហួសហេតុ ចេញពីផលិតផលទឹកស៊ីអ៊ីវ។
សារព័ត៌មាន VNS របស់យួនបានផ្សាយទៀតថា ថ្នាក់ដឹកនាំក្រុងព្រៃនគរ ក៏បានបញ្ជាឱ្យមន្ទីរសុខាភិបាល ធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ក្នុងការដកហូតផលិតផលទឹកស៊ីអ៊ីវ ដែលមានជាតិពុល ហើយធ្វើការផាកពិន័យយ៉ាងធ្ងន់ធ្ងរដល់អ្នករំលោភ។ ថ្នាក់ដឹកនាំទីក្រុងព្រៃនគរ ក៏បានបញ្ជាឱ្យមន្ទីរសុខាភិបាល ធ្វើការជូនដំណឹងជាបន្ទាន់ដល់ប្រជាពលរដ្ឋ នូវឈ្មោះផលិតផល ដែលមានជាតិពុល។
លោក អាន បាននិយាយថា ផលិតផលទឹកស៊ីអ៊ីវរបស់ក្រុមហ៊ុន Truong Thanh, Dong Phuong, Nam Duong, Huong Nam Phuong, Loi Ky, Lam Thuan, Thai Dai Loi, Song Ma, Thai Chan Chanh, Nosafood, Hau Sanh, Mekong, Wiwon VN, Tam Ky, Vinh Phuoc, Bach Thao និង Khuong Phat សុទ្ធតែមានបរិមាណសារធាតុ 3-MCPD លើសពីកម្រិត ដែលអនុញ្ញាតនៅប្រទេសវៀតណាម គឺ១មីល្លីក្រាម ក្នុង១គីឡូក្រាម។ លោក អាន បានបន្តទៀតថា ផលិតផលទឹកស៊ីអ៊ីវ របស់ក្រុមហ៊ុនវៀតណាមទាំងនោះ មានផ្ទុកសារធាតុ 3-MCPD រវាងពី ២៣,៩ ដល់៤២០២ មីល្លីក្រាម ក្នុង១គីឡូក្រាម ដែលច្បាប់របស់វៀតណាម អនុញ្ញាតឱ្យមានតែត្រឹម១មីល្លីក្រាមប៉ុណ្ណោះ ក្នុង១គីឡូក្រាម ហើយសហគមន៍អឺរ៉ុបអនុញ្ញាតឱ្យមានតែត្រឹម០,០២មីល្លីក្រាមក្នុង១គីឡូ។
លោក Nguen Xuan Mai អនុប្រធាន វិទ្យាស្ថានអនាម័យសុខភាពសហគមន៍ របស់យួន បាននិយាយថា បរិមាណខ្ពស់នៃសារធាតុ 3-MCPD អាចធ្វើឱ្យហ្សែនប្រែប្រួល ហើយនាំឱ្យកើតជម្ងឺមហារីក។
សារព័ត៌មាន VNS របស់យួន បានផ្សាយទៀតថា ទីភ្នាក់ងាររបស់រដ្ឋាភិបាល នៅតែព្រងើយកន្តើយនឹងបញ្ហានេះ ហើយទឹកស៊ីអ៊ីវភាគច្រើន ដែលមានផ្ទុកសារធាតុ 3-MCPD នៅតែត្រូវបានគេលក់ នៅក្នុងទីផ្សាររបស់វៀតណាម។ រីឯសារព័ត៌មាន Thanh Vien Daily របស់យួនវិញ បានផ្សាយថា សាធារណជនយួន មានការខឹងសម្បារយ៉ាងខ្លាំង ទៅនឹងមន្ទីរសុខាភិបាល ដែលមិនបានជូនដំណឹងពីរឿងផលិតផល ដែលមានជាតិពុលឱ្យបានរហ័ស ដោយមន្ទីរសុខាភិបាលបានរកឃើញតាំងពីឆ្នាំ២០០១ មកម្ល៉េះ នូវកម្រិតសារធាតុ 3-MCPD ដែលហួសពីកម្រិតសុវត្ថិភាពពី២៣ ទៅ៥៦០០ដង ឯណោះ។
ទឹកស៊ីអ៊ីវ ដែលផលិតនៅក្នុងប្រទេសយួន ក៏មានលក់នៅក្នុងប្រទេសកម្ពុជាដែរ ប៉ុន្តែគេមិនដឹងថា អាជ្ញាធរខ្មែរបានធ្វើតេស្តរកមើលកម្រិត 3-MCPD ឬក៏អត់។ បន្ទាប់ពីមានដំណឹងស្តីពីទឹកស៊ីអ៊ីវយួនមានជាតិ 3-MCPD ដែលបណ្តាលឱ្យកើតមហារីកនោះ កាសែតរស្មីកម្ពុជាបានអំពាវនាវឱ្យអាជ្ញាធរ ហ៊ុន សែន ប្រុងប្រយ័ត្ន ពីព្រោះទឹកស៊ីអ៊ីវ ដែលរដ្ឋអំណាចយួនបញ្ជាឱ្យបំផ្លាញ ចោលនៅស្រុកយួននោះ អាចត្រូវគេនាំចូលមកកម្ពុជា។ កាសែតរស្មីកម្ពុជាក៏បានឱ្យដឹងដែរថា គណៈកម្មការអឺរ៉ុប បានរកឃើញមានកម្រិតជាតិ 3-MCPD ច្រើនហួសនៅក្នុងទឹកស៊ីអ៊ីវយួន ដែលនាំចូលទៅប្រទេសហ្វាំងឡង់៕
ដកស្រង់ចេញពី៖
-កាសែតមនសិការខ្មែរ ច្បាប់ចេញផ្សាយ ឆ្នាំទី១៤ លេខ៣១៧៩ ថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០០៧។
មិនថាលោកអ្នកគិតយ៉ាងណាទេចង់ក្លាយទៅជាអ្នកចែចង់ដ៏ពូកែម្នាក់លោកអ្នក មិនចាំ បា ច់ត្រូវមានរូបស្អាតខ្លាំង,មានទ្រព្យសម្បត្តិច្រើនឬ ប្រសប់និយាយនោះឡើយ។ដើម្បីអោយមានជំនាញខាងចែចង់គឺត្រូវសំរេចចិត្តថាលោកអ្នកចង់ក្លាយទៅជាអ្នកចែចង់។







