សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

June 8, 2007

ទឹក​ស៊ីអ៊ីវ​ ​ដែល​ផលិត​នៅ​ស្រុក​យួន​មាន​ផ្ទុក​សារ​ធាតុ​កើត​ជម្ងឺ​មហា​រីក​

            សារ​ព័ត៌​មាន​ VNS របស់​យួន​បាន​ផ្សាយ​ថា​ អ្នក​លក់​ដូរ​មួយ​ចំនួន​នៅ​ក្រុង​ព្រៃ​នគរ​ បាន​ធ្វើ​ពហិ​កា​ មិន​ទិញ​ទឹក​ស៊ី​អ៊ីវ​ ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ស្បៀង​អាហារ​ក្នុង​ស្រុក​ចំនួន​១៧​ បន្ទាប់​ពី​អធិការ​សុខ​ភាព​ បាន​រក​ឃើញ​សារ​ធាតុ​កាស៊ី​ណូ​ហ្សែន​ (Carcinogen) ក្នុង​បរិ​មាណ​យ៉ាង​ច្រើន​នៅ​ក្នុង​ទឹក​ស៊ី​អ៊ីវ​។​ ក៏​ប៉ុន្តែ​ពួក​អ្នក​ជំនាញ​ការ​ ខាង​សុខ​ភាព​របស់​យួន​ បាន​និយាយ​ថា​ ការ​ធ្វើ​ប៉ុណ្ណឹង​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ​។​

អគារ​ធិការ​សុខា​ភិបាល​ទី​ក្រុង​ព្រៃ​នគរ​ បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ក្រុម​ហ៊ុន​យួន​ចំនួន​១៧​ បាន​ផលិត​ទឹក​ស៊ី​អ៊ីវ​ ដែល​មាន​ផ្ទុក​បរិមាណ​សារ​ធាតុ​ 3-MCPD យ៉ាង​ច្រើន​ ដែល​ជា​សារ​ធាតុ​ បណ្តាល​ឱ្យ​មាន​ជម្ងឺ​មហា​រីក​។​ យី​ហោ​ទឹក​ស៊ី​អ៊ីវ​ចំនួន​១០​ ត្រូវ​បាន​សារ​ព័ត៌​មាន​មូល​ដ្ឋាន​ របស់​យួន​ចុះ​ផ្សាយ​កាល​ពី​សបា្តហ៍​កន្លង​ទៅ​ ហើយ​យី​ហោ​ចំនួន​៧​ទៀត​ ត្រូវ​បាន​សារ​ព័ត៌​មាន​យួន​ចុះ​ផ្សាយ​កាល​ពី​ដើម​សបា្តហ៍​នេះ​។​ កម្រិត​បរិ​មាណ​ 3-MCPD ដ៏​ច្រើន​ហួស​ ដែល​គេ​រក​ឃើញ​ នៅ​ក្នុង​ប៉ាន់​ទឹក​ស៊ី​អ៊ីវ​ បាន​ធ្វើ​ឱ្យ​អតិ​ថិ​ជន​យួន​មាន​ការ​រន្ធត់​យ៉ាង​ខ្លាំង​។​

សារ​ធាតុ​ 3-MCPD គឺ​ជា​សារ​ធាតុ​គីមី​ម្យ៉ាង​ ដែល​គេ​ហៅ​ថា​ ក្លរ៉ូ​ប្រូ​ប៉ា​ណុល​ (Chloropropanols) ដែល​កើត​ឡើង​ពី​ការ​ញែក​ប្រូ​តេ​អ៊ីន​ចេញ​ពី​រុក្ខ​ជាតិ​ ដូច​ជា​សណ្តែក​សៀង​ ដោយ​ប្រើ​អាស៊ីដ​ក្លរី​ឌ្រិច​។​ សារ​ធាតុ​ 3-MCPD ត្រូវ​គេ​ដឹង​ថា​ ជា​សារ​ធាតុ​ដែល​បង្ក​ឱ្យ​មាន​ជម្ងឺ​មហា​រីក​ដល់​សត្វ​ ប៉ុន្តែ​ពួក​អ្នក​វិទ្យា​សាស្ត្រ​ និយាយ​ថា​ វា​ក៏​អាច​បង្ក​ជម្ងឺ​មហា​រីក​ ដល់​មនុស្ស​ដែរ​ បើ​សិន​ជា​សារ​ធាតុ​ 3-MCPD នោះ​មាន​ច្រើន​ហួស​កម្រិត​នៅ​ក្នុង​ចំណី​អាហារ​ ជា​ពិសេស​គឺ​នៅ​ក្នុង​ទឹក​ស៊ី​អ៊ីវ​។​ នៅ​ឆ្នាំ​២០០១​ គណៈ​កម្ម​ការ​អឺ​រ៉ុប​ បាន​អនុ​ម័ត​នូវ​បទ​បញ្ញត្តិ​មួយ​ ដោយ​កម្រិត​ឱ្យ​មាន​បរិ​មាណ​សារ​ធាតុ​ 3-MCPD 0,02 មីល្លី​ក្រាម​ប៉ុណ្ណោះ​ ក្នុង​១​គីឡូ​ក្រាម​ទឹក​ស៊ី​អ៊ីវ​គោក​។​

ប្រធាន​អធិការ​កិច្ច​ ង្វៀង​ឌឹក​អាន​ បាន​និយាយ​ថា​ មន្ទីរ​សុខា​ភិបាល​ បាន​បញ្ជា​ឱ្យ​អ្នក​រំលោភ​ច្បាប់​ ឈប់​លក់​ទឹក​ស៊ី​អ៊ីវ​ទាំង​នោះ​ ដែល​អាច​មាន​ផ្ទុក​សារ​ធាតុ​ 3-MCPD ។​ លោក​ អាន​ បាន​និយាយ​ថា​ គេ​បាន​តម្រូវ​ ឱ្យ​ពួក​អ្នក​រំលោភ​ច្បាប់​ទាំង​នោះ​ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ ដើម្បី​ស្តាប់​ការ​ណែ​នាំ​ពី​របៀប​ញែក​សារ​ធាតុ​ 3-MCPD ដែល​ច្រើន​ហួស​ហេតុ​ ចេញ​ពី​ផលិត​ផល​ទឹក​ស៊ី​អ៊ីវ​។​

សារ​ព័ត៌​មាន​ VNS របស់​យួន​បាន​ផ្សាយ​ទៀត​ថា​ ថ្នាក់​ដឹក​នាំ​ក្រុង​ព្រៃ​នគរ​ ក៏​បាន​បញ្ជា​ឱ្យ​មន្ទីរ​សុខា​ភិបាល​ ធ្វើ​ការ​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​ក្នុង​ការ​ដក​ហូត​ផលិត​ផល​ទឹក​ស៊ី​អ៊ីវ​ ដែល​មាន​ជាតិ​ពុល​ ហើយ​ធ្វើ​ការ​ផាក​ពិន័យ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​អ្នក​រំលោភ​។​ ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ព្រៃ​នគរ​ ក៏​បាន​បញ្ជា​ឱ្យ​មន្ទីរ​សុខា​ភិបាល​ ធ្វើ​ការ​ជូន​ដំណឹង​ជា​បន្ទាន់​ដល់​ប្រជា​ពលរដ្ឋ​ នូវ​ឈ្មោះ​ផលិត​ផល​ ដែល​មាន​ជាតិ​ពុល​។​

លោក​ អាន​ បាន​និយាយ​ថា​ ផលិត​ផល​ទឹក​ស៊ី​អ៊ីវ​របស់​ក្រុម​ហ៊ុន​ Truong Thanh, Dong Phuong, Nam Duong, Huong Nam Phuong, Loi Ky, Lam Thuan, Thai Dai Loi, Song Ma, Thai Chan Chanh, Nosafood, Hau Sanh, Mekong, Wiwon VN, Tam Ky, Vinh Phuoc, Bach Thao និង​ Khuong Phat សុទ្ធ​តែ​មាន​បរិ​មាណ​សារ​ធាតុ​ 3-MCPD លើស​ពី​កម្រិត​ ដែល​អនុ​ញ្ញាត​នៅ​ប្រទេស​វៀត​ណាម​ គឺ​១​មីល្លី​ក្រាម​ ក្នុង​១​គីឡូ​ក្រាម​។​ លោក​ អាន​ បាន​បន្ត​ទៀត​ថា​ ផលិត​ផល​ទឹក​ស៊ី​អ៊ីវ​ របស់​ក្រុម​ហ៊ុន​វៀត​ណាម​ទាំង​នោះ​ មាន​ផ្ទុក​សារ​ធាតុ​ 3-MCPD រវាង​ពី​ ២៣,៩​ ដល់​៤២០២​ មីល្លី​ក្រាម​ ក្នុង​១​គីឡូ​ក្រាម​ ដែល​ច្បាប់​របស់​វៀត​ណាម​ អនុ​ញ្ញាតឱ្យ​មាន​តែ​ត្រឹម​១​មីល្លី​ក្រាម​ប៉ុណ្ណោះ​ ក្នុង​១​គីឡូ​ក្រាម​ ហើយ​សហ​គមន៍​អឺរ៉ុប​អនុ​ញ្ញាត​ឱ្យ​មាន​តែ​ត្រឹម​០,០២​មីល្លី​ក្រាម​ក្នុង​១​គីឡូ​។​

លោក​ Nguen Xuan Mai អនុ​ប្រធាន​ វិទ្យា​ស្ថាន​អនា​ម័យ​សុខ​ភាព​សហ​គមន៍​ របស់​យួន​ បាន​និយាយ​ថា​ បរិ​មាណ​ខ្ពស់​នៃ​សារ​ធាតុ​ 3-MCPD អាច​ធ្វើ​ឱ្យ​ហ្សែន​ប្រែ​ប្រួល​ ហើយ​នាំ​ឱ្យ​កើត​ជម្ងឺ​មហា​រីក​។​

សារ​ព័ត៌​មាន​ VNS របស់​យួន​ បាន​ផ្សាយ​ទៀត​ថា​ ទី​ភ្នាក់​ងារ​របស់​រដ្ឋា​ភិបាល​ នៅ​តែ​ព្រងើយ​កន្តើយ​នឹង​បញ្ហា​នេះ​ ហើយ​ទឹក​ស៊ី​អ៊ីវ​ភាគ​ច្រើន​ ដែល​មាន​ផ្ទុក​សារ​ធាតុ​ 3-MCPD នៅ​តែ​ត្រូវ​បាន​គេ​លក់​ នៅ​ក្នុង​ទី​ផ្សារ​របស់​វៀត​ណាម​។​ រី​ឯ​សារ​ព័ត៌​មាន Thanh Vien Daily របស់​យួន​វិញ​ បាន​ផ្សាយ​ថា​ សាធារណ​ជន​យួន​ មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ ទៅ​នឹង​មន្ទីរ​សុខា​ភិបាល​ ដែល​មិន​បាន​ជូន​ដំណឹង​ពី​រឿង​ផលិត​ផល​ ដែល​មាន​ជាតិ​ពុល​ឱ្យ​បាន​រហ័ស​ ដោយ​មន្ទីរ​សុខា​ភិបាល​បាន​រក​ឃើញ​តាំង​ពី​ឆ្នាំ​២០០១​ មក​ម្ល៉េះ​ នូវ​កម្រិត​សារ​ធាតុ 3-MCPD ដែល​ហួស​ពី​កម្រិត​សុវត្ថិ​ភាព​ពី​២៣​ ទៅ​៥៦​០០​ដង​ ឯ​ណោះ​។​

ទឹក​ស៊ី​អ៊ីវ​ ដែល​ផលិត​នៅ​ក្នុង​ប្រទេស​យួន​ ក៏​មាន​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ ប៉ុន្តែ​គេ​មិន​ដឹង​ថា​ អាជ្ញា​ធរ​ខ្មែរ​បាន​ធ្វើ​តេស្ត​រក​មើល​កម្រិត​ 3-MCPD ឬ​ក៏​អត់​។​ បន្ទាប់​ពី​មាន​ដំណឹង​ស្តី​ពី​ទឹក​ស៊ី​អ៊ីវ​យួន​មាន​ជាតិ​ 3-MCPD ដែល​បណ្តាល​ឱ្យ​កើត​មហា​រីក​នោះ​ កាសែត​រស្មី​កម្ពុជា​បាន​អំពាវ​នាវ​ឱ្យ​អាជ្ញា​ធរ​ ហ៊ុន​ សែន​ ប្រុង​ប្រយ័ត្ន​ ពី​ព្រោះ​ទឹក​ស៊ី​អ៊ីវ​ ដែល​រដ្ឋ​អំណាច​យួន​បញ្ជា​ឱ្យ​បំផ្លាញ​ ចោល​នៅ​ស្រុក​យួន​នោះ​ អាច​ត្រូវ​គេ​នាំ​ចូល​មក​កម្ពុជា​។​ កាសែត​រស្មី​កម្ពុជាក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​ គណៈ​កម្ម​ការ​អឺរ៉ុប​ បាន​រក​ឃើញ​មាន​កម្រិត​ជាតិ 3-MCPD ច្រើន​ហួស​នៅ​ក្នុង​ទឹក​ស៊ី​អ៊ីវ​យួន​ ដែល​នាំ​ចូល​ទៅ​ប្រទេស​ហ្វាំង​ឡង់​៕

ដក​ស្រង់​ចេញ​ពី​៖​

-កាសែត​មនសិការ​ខ្មែរ​ ច្បាប់​ចេញ​ផ្សាយ​ ឆ្នាំ​ទី​១៤​ លេខ៣១៧៩​​ ថ្ងៃ​សុក្រ​ ទី​០៨​ ខែ​មិថុនា​ ឆ្នាំ​២០០៧​។​​​

4 Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2007/06/08/p211/trackback/

  1. សូមជួយ​ប្រាប់អ្នកជួយ​ផ្សាយ​ព័ត៌មាន​នេះ​ឱ្យ​បាន​ច្រើន​ផង​ ព្រោះ​ប្រជាជន​យើង​ញ៉ាំទឹក​ស៊ីអ៊ីវ​ យួន​ច្រើន​ណាស់​សូម​អរគុណ!

    Comment by cam629 — June 8, 2007 @ 4:02 am

  2. សួស្ដី​ល្បង!
    ខ្ញុំ​បាន​ប្រាប់​គេ​រួចហើយ! ហាហា សំណាង​ណាស់​ដែល​ខ្ញុំ​មិន​ចូលចិត្ត​ញ៉ាំ​ទឹក​ស៊ីអ៊ីវ!
    please add my website into your link: www.iwshare.com

    ពិសិដ្ឋ

    Comment by Anonymous — June 13, 2007 @ 8:03 am

  3. អរគុណ!​ ក្លើ ពិសិដ្ឋ ដែល​បាន​ប្រាប់​គេ ក្លើឯង​មានប្រាប់​គេឲ្យ​គេប្រាប់​ត​ទៀត​ទេ?​
    ក្លើ!​ ជួយៗ​ទៅ​សុទ្ធ​តែ​ជា​ខ្មែរ​ទេ​!

    ការពារ​វាប្រសើរ​ជាង​ព្យាបាល​ណា

    Comment by cam629 — June 14, 2007 @ 4:51 am

  4. ជួយប្រាប់ផង ហេតុអ្វីចេញជ្រុង ជ្រុង

    Comment by Anonymous — July 18, 2007 @ 4:43 am

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.