ពាក់វ៉ែនតាយ៉ាងណាឲ្យស្អាត
សម័យបច្ចុប្បន្នយើងសង្កេតឃើញថាយុវវ័យខ្មែរជាច្រើនចាប់ផ្តើមងាកមកចាប់អារម្មណ៍ក្នុងការថែរក្សាភ្នែករបស់ខ្លួន តាមរយៈការពាក់វែនតាការពារមិនឲ្យភ្នែកកាន់តែម្ញូបខ្លាំង។ វែនតាមិនត្រឹមតែអាចជួយការពារភ្នែករបស់អ្នកពីជំងឺម្ញូប ធូលីដី កាំ រស្មីUV ឬពន្លឺចេញពីអេក្រង់កុំព្យូទ័រ ប៉ុណ្ណោះទេ តែវែនតាអាចបន្ថែមសម្រស់ផ្ទៃមុខអ្នកបានផងដែរ បើសិនជាអ្នកជ្រើសរើសស៊ុមវែនតាត្រូវហ្នឹងទម្រង់មុខអ្នក តែក្នុងករណីជ្រើសរើសខុសវិញវាអាចទាញឲ្យសម្រស់ទម្រង់មុខអ្នកធ្លាក់ចុះជាមិនខាន។ សៀវភៅកំសាន្ត ធីន សូមលើកបង្ហាញអាថ៌កំបាំងនៃការពាក់វែនតាមកជូនមិត្តអ្នកអាន ជាពិសេសយុវវ័យសម័យថ្មីទាំងឡាយណាដែល ត្រូវពាក់វែនតាម្ញូប ហើយជារឿយៗតែងមានបញ្ហាក្នុងការជ្រើសរើស ដង ឬស៊ុមវែនតា ថាមិនដឹងជារើសបែបណាឲ្យវាត្រូវសមនឹងទំរងមុខរបស់ខ្លួនហើយថែមទាំងទាន់សម័យទៀតផង។
១- មុខពងក្រពើ
ចាត់ទុកថាជានារីមានសំណាង ក្នុងការជ្រើសស៊ុមវែនតាបានគ្រប់ប្រភេទ ដោយមិនធ្វើឲ្យសម្រស់របស់អ្នកបាក់ស្រុតចុះឡើយ មិនថាស៊ុម មូល បួនជ្រុង បួនជ្រុងបញ្ឆិត ឬ ស៊ុមរាងពងក្រពើ អ្នកអាចជ្រើសមកពាក់បានតាមចិត្ត។
២-មុខមូល
អ្នកអាចជ្រើសពាក់ស៊ុមរាងបួនជ្រុង ឬបួនជ្រុងបញ្ឆិតក៏បាន កុំរើសយកស៊ុមណាដែលធំពេក ព្រោះវានឹងធ្វើឲ្យមុខអ្នកមើលទៅរឹតតែធំមូលជាមិនខាន។
៣-មុខមានទម្រង់ជ្រុង
ការជ្រើសរើសស៊ុមវែនតាត្រូវគិតដល់ការលុបជ្រុងរបស់មុខអ្នក និងដើម្បីឲ្យមុខអ្នកមើលទៅស្អាតថែមមួយកម្រិតទៀត សូមជ្រើសយកស៊ុមដែលមានកោងច្រើនខាងលើ ឬខាងក្រោម ឬមូលក៏បាន។ ចៀសវាងស៊ុមដែលមានជ្រុងគ្រប់ប្រភេទ ព្រោះនៅពេលអ្នកពាក់វាហើយអ្នកដូចជាបន្ថែមឆ្អឹងលើផ្ទៃមុខឲ្យលេចឡើងច្បាស់ថែមទៀត។
៤-មុខវែង
សម្រាប់ទម្រង់មុខវែង បណ្តោយនៃស៊ុមវែនតាមាននាទីសំខាន់ខ្លាំងណាស់ក្នុងការបញ្ឆោតភ្នែកឲ្យឃើញមុខយើងខ្លីជាងមុន អ្នកគួររើសស៊ុមវែនតាដែលមានផ្ទៃសមល្មមនឹងមុខរបស់អ្នក មិនតូចពេកមិនធំពេក។
សាកល្បងយកវិធីជ្រើសរើសស៊ុមវែនតាខាងលើទៅសាកល្បង នឹងសំរាប់ជាជំនួយក្នុងការជ្រើសរើសស៊ុមវែនតា លមើល វានឹងធ្វើឲ្យអ្នកមានទំនុកចិត្តច្រើនជាងមុនពេលពាក់វែនតា និងមិនកង្វល់ថាខ្លួនមើលទៅដូចមនុស្សចាស់ទៀត។








