សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

November 20, 2007

តើ​ការ​រួមភេទ​ប្រភេទ​ណា​ដែល​មាន​សុវត្ថិភាព ?

ការ​រួមភេទ​ដែល​មាន​សុវត្ថិភាព ​គឺ​ការ​រួមភេទ​ទាំង​ឡា​យណា ​ដែល​អាច​ការពារ​ឈាម ​ទឹកកាម ​និង​ទឹក​រំអិល​នៃ​ប្រដាប់ភេទ​របស់​ដៃគូ​មិន​ឱ្យ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ឈាមនៃ​អ្នក​ទាំង​ពីរ​បាន ។ ​ការ​រួមភេទ​ដោយ​ដៃ​ខ្លួនឯង ​ការ​គក់ច្របាច់ ដោយ​ការ​ឱបរិត ​និង​ការ​ស្ទាប​អង្អែល​ប្រដាប់ភេទ​មិន​អាច​ធ្វើ​ឱ្យ​ឆ្លង​អេដស៍​បាន​ទេ ។ ​ប្រសិន​បើ​លោក​អ្នក​ប្រើប្រាស់​ស្រោម​ឱ្យ​បាន​ត្រឹមត្រូវ​នៅពេល​រួមភេទ ​គឺ​អាច​សន្មត់​បាន​ថា ​ជា​ការ​រួមភេទ​ដែល​មាន​គ្រោះថ្នាក់​តិច ។ ​ការ​រួមភេទ​ដែល​មាន​គ្រោះថ្នាក់ ​ប៉ុន្តែ​មិន​មាន​ច្រើន ​ដូចជា​មាត់ ​និង​ទ្វារមាស ​និង​មាត់លិង្គ ​ដែល​មិន​មាន​ទឹកកាម ​ឬ​ឈាម​ចូល​ទៅ​ក្នុង​មាត់ ​ឬ​ប្រដាប់ភេទ ​។ ​ការ​រួមភេទ​ដែល​មាន​គ្រោះថ្នាក់ ​គឺ​ការ​រួមភេទ​ដោយ​ប្រើ​លិង្គ ​និង​រន្ធគូថ ​និង​លិង្គ ​និង​ទ្វារមាស ​ដោយ​មិន​ប្រើ​ស្រោម ​ហើយ​និង​ការ​រួមភេទ​ណា​ដែល​ធ្វើ​ឱ្យ​ដៃគូ​ចេញ​ឈាម ​ឬ​ទឹកកាម​ ​ឬ​ទឹកកាម​ចូល​ទៅ​ក្នុង​មាត់ ​និង​ប្រឡាក់​ប្រដាប់​ភេទ ។

 

November 19, 2007

ប្រសិន​បើ​លោក​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​ហើយ ​តើអាច​មាន​បញ្ហា​ឬ​ទេ ​បើ​លោក​អ្នក​ទទួល​ឆ្លង​ពី​នរណា​ម្នាក់​មក​បន្ថែម​ទៀត ?

ផ្នែក: អេដស៍

ដោយ​ហេតុ​ថា ​មេរោគ​អេដស៍​អាច​ផ្លាស់ប្តូរ​រូបរាង​របស់​វា​នៅ​ក្នុង​ខ្លួន​មនុស្ស​បាន​យ៉ាង​រហ័ស លោក​អ្នក​មិន​ត្រូវ​ឱ្យ​មាន​ការ​ឆ្លង​បន្ថែម​ទៀត​ទេ ។ ​ប្រសិន​បើ​លោក​អ្នក​បណ្តោញ​ឱ្យ​មាន​ការ​ឆ្លង​បន្ថែម​ទៀត​នោះ​សុខភាព​របស់​លោក​អ្ន​កមាន​សភាព​កាន់​តែ​អន់ថយ​ជាង​មុន ហើយ​ប្រព័ន្ធ​ការពារ​រាង្គកាយ​របស់​លោក​អ្នក​នឹង​កាន់​តែ​ចុះ​ខ្សោយ ​ហើយ​ពិបាក​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ជាង​មុន​ទៅ​ទៀត ហើយ​នឹង​ធ្វើ​ឱ្យ​លោក​អ្នក​កាន់​តែ​ឈឺ​ដុនដាប ​និង​ស្លាប់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​យ៉ាង​ខ្លី ។

November 18, 2007

ប្រសិនបើ​មាន​រមាស់ ​ឬពងបែក​នៅ​លើ​ពងស្វាស តើ​ស្រោមអាច​ការ​ពារ​លោក​អ្នក​ពី​ការ​ឆ្លង​មេរោគ​អេដស៍​បាន​ឬ​ទេ ?

ក្នុង​ករណី​ណា​ក៏​ដោយ​ឱ្យ​តែ​ទឹករំអិល ឬ​ទឹកកាម​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ឈាម​បាន​ដូចជា​តាម​ភ្នាស​ទន់ តាម​ការ​ដាច់ តាម​ការ​បក គឺ​មេរោគ​អេដស៍​អាចមាន​ឱកាស​ឆ្លង​បាន​ទាំងអស់ ដូច្នេះ​លោក​អ្នក​ត្រូវ​តែ​ព្យាបាល​ជំងឺ​រមាស់​លើ​ស្បែក ឬ​ជំងឺ​កាមរោគ​ដែល​កើត​នៅ​ជុំវិញ​ប្រដាប់ភេទ ឱ្យ​ជា​សះស្បើយ​ជា​បន្ទាន់ ដើម្បី​ការ​ពារ​ដៃគូ និង​ខ្លួន​លោក​អ្នក​ពី​ការ​ឆ្លង​មេរោគ​អេដស៍

 

November 17, 2007

ប្រសិន​បើ​ដៃគូ​រួមភេទ​មួយ ​ធ្វើការ​រួមភេទ ហើយ​ដក​ប្រដាប់ភេទ​ចេញ​មុន​ពេល​ចេញ​ទឹកកាម​ តើ​ពួកគេ​ទាំង​ពីរ​អាច​ឆ្លង​មេរោគ​អេដស៍​ឬ​ទេ ?

ផ្នែក: អេដស៍

ពួកគេ​នៅ​តែ​អាច​ឆ្លង​មេរោគ​អេដស៍​ដដែល ​ព្រោះ​ថា​ប្រដាប់ភេទ​របស់​គេ​បាន​ប្រឡាក​់​ទៅ​ដោយ​ទឹក​រំអិល ​រួច​ទៅ​ហើយ ។ ​ជួនកាល​អាច​មាន​ទឹកកាម​ចេញ​មក ​១ ​ឬ ​២ដំណក់​ដែល​គេ​មិន​ដឹង ។ ​ម្យ៉ាងទៀត​ពួកគេ​អាច​មាន​ដំបៅ ​ឬ​ការ​ដាច់រលាត់​លើ​ប្រដាប់ភេទ​នៅ​ពេល​រួមភេទ ​ដែល​អាច​ឱ្យ​មេរោគ​ជ្រាប​ចូល​ទៅ​ក្នុង​ឈាម​ពួកគេ​បាន ។

 

November 16, 2007

ប្រសិន​បើ​ស្ត្រី​ម្នាក់​ត្រូវ​គេ​រំលោភ តើ​នាង​អាច​ឆ្លង​មេរោគ​អេដស៍​ដែរ​ឬ​ទេ ?

ផ្នែក: អេដស៍

ការ​ឆ្លង​មេរោគ​អេដស៍​ច្រើន​តែ​កើត​ឡើង​តាម​រយៈ​ការ​រួមភេទ ​ព្រោះ​ប្រដាប់ភេទ​មាន​ប្រឡាក់​ទៅ​ដោយ​ទឹកកាម ​និង​ទឹក​រំអិល ។ ​ដោយ​ហេតុ​ថា ​ការ​រំលោភ​មិន​សូវ​ប្រើស្រោម ​និង​ពោរពេញ​ទៅ​ដោយ​ការ​បង្ខំ ​ដែល​អាច​ធ្វើ​ឱ្យ​ដាច់រហែក​ប្រដាប់ភេទ ហើយ​ប្រសិន​បើ​បុរស​ដែល​រំលោភ​នោះ​មាន​ផ្ទុក​មេរោគ​អេដស៍ ​ស្ត្រី​ដែល​ត្រូវ​រំលោភ ​គឺ​ត្រូវ​ទទួល​រង​នូវ​ការ​ឆ្លង​នូវ​មេរោគ​អេដស៍ ។

November 15, 2007

អ្នក​មាន​ប្រដាប់ភេទ​ស្អាត​ល្អ ​គឺ​គ្មាន​ផ្ទុក​មេរោគ​អេដស៍​ទេ ​តើ​ពិត​ទេ?

ផ្នែក: អេដស៍

ការ​គិត​ដូច្នេះ​មិន​ត្រឹមត្រូវ​ទេ ​គ្រាន់​តែ​មើល​ប្រដាប់ភេទ​លោក​អ្នក​មិន​អាច​សន្មត់​ថា​ ​នរណា​ម្នាក់​មាន ​ឬ​គ្មាន​ផ្ទុក​មេរោគ​អេដស៍​ដោយ​គ្មាន​ការ​ពិនិត្យ​ឈាម​បា​នឡើយ ។ ​អ្នក​ខ្លះ​មាន​ផ្ទុក​មេរោគ​អេដស៍​ហើយ ​ប៉ុន្តែ​មិន​មាន​ចេញ​ជា​សញ្ញា​ឱ្យ​យើង​ដឹង ​ហើយ​អាចរស់នៅ​បាន​ដោយ​មាន​សុខភាព​ធម្មតា​បាន​រយៈពេល​យូរ ​គឺចាប់​ពី ​២ ទៅ ​១០ឆ្នាំ ។ ​នៅ​ក្នុង​អំឡុងពេល​នេះ​ប្រសិន​បើ​គេ​មិន​បាន​ទៅ​ពិនិត្យ​ឈាម​ទេ ​គ្មាន​នរណា​អាច​ដឹង​បាន​ឡើយ ។

 

October 29, 2007

តើ​ការ​រួមភេទ​តាម​រន្ធគូថ​មាន​គ្រោះថ្នាក់​ប៉ុណ្ណា​ដែរ ?

ផ្នែក: អេដស៍

ជា​ការ​ពិត​ណាស់​ការ​រួមភេទ​តាម​រន្ធ​គូថ​ដោយ​មិន​ប្រើ​ស្រោម​ជា​សកម្មភាព ​ដែល​អាច​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដោយ​ការ​ឆ្លង​មេរោគ​អេដស៍​ខ្លាំងណាស់ ​ដោយ​ហេតុ​ថា ​រន្ធគូថ​ងាយ​នឹង​រហែក ​ព្រោះ​វា​គ្មាន​ទឹក​រំអិល​គ្រប់គ្រាន់​ពី​ធម្មជាតិ​ទេ ។ ​ប្រសិន​បើលោក​អ្នក​មិន​ប្រើស្រោម​ទេ ​ទោះ​ជា​រួមភេទ​តាម​រន្ធគូថ​ក្តី ​តាម​ទ្វារមាស​ក្តី ​គឺ​អាច​មាន​គ្រោះថ្នាក់​ដោយ​មេរោគ​អេដស៍​ទាំងអស់ ។

 

តើ​ការ​រួមភេទ​តាម​មាត់​មាន​គ្រោះថ្នាក់​ប៉ុណ្ណា​ដែរ ?

ផ្នែក: អេដស៍

ការ​រួមភេទ​តាម​មាត់ ​(ដូចជា​ការ​ជញ្ជក់​លិង្គ​ដោយ​មាត់ ​ឬ​មាត់​ជញ្ជក់​ទ្វារមាស)​គឺ​អាច​ប្រឈម​មុខ​នឹង​ការ​ឆ្លង​មេរោគ​អេដស៍​ដូច​ជា​ការ​រួមភេទ​ដោយ​ប្រើ​លិង្គ ​និង​ទ្វារមាស​ដែរ ។ ​បើ​មាត់​មា​នដំបៅ ​ឬ​ដាច់​រហែក ​ឬ​មាន​ឈាម​ចេញ​តាម​អញ្ចេញ​ធ្មេញនោះ ​មេរោគ​អេដស៍​អាច​ឆ្លង​បាន​ដោយ​ងាយ ។ ​មេរោគ​អេដស៍​ដែល​នៅ​ក្នុង​ទឹក​រំអិល​ប្រដាប់បន្តពូជ​អាច​ជ្រាប​ចូល​តាម​ដំបៅ ​ឬ​ការដាច់​ក្នុង​មាត់​បាន​យ៉ាង​ងាយ ។ ​ហើយ​ឈាម​ដែល​ចេញ​តាម​ការ​ដាច់​ក្នុង​មាត់ ​ឬ​អញ្ចាញ​ធ្មេញ​អាច​ឆ្លង​ទៅ​ដៃគូ​តាម​ចុងលិង្គ ​និង​ទ្វារមាស​បាន​យ៉ាង​យាង​ដែរ ។ ​បញ្ហា​គឺ​ត្រង់​ថា ​វា​តែង​តែ​មាន​ការ​ដាច់​បន្តិចបន្តួច​នៅ​តាម​មាត់​យើង​មិន​បាន​ដឹង ។
 
 

«« អត្ថបទចាស់ •  អត្ថបទថ្មី »»