សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

September 20, 2007

ស្រឡាញ់ love

ពាក្យ​ចេះស្រួល​អាន​ ងាយ​សរសេរ​ តែ​ពិត​ជា​មហា​សែន​ពិបាក​ សំរាប់​និយាយ​នៅ​ពេល​ដែល​គូ​ស្នេហ៍​ផ្តោះ​ផ្តង​គ្នា។ ស្នេហា​គឺ​ជា​ក្តី​ស្រឡាញ់​​​​យ៉ាង​ពិសេស​មាន​ការ​បត់​បែន​ច្រើន​ទៅ​តាម​ពេល​វេលា ​និង​ទី​​កន្លែង​​​ ដើម្បី​បង្ហាញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​មនោ​សញ្ចេតនា​​ពេល​​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​មិនមែន​សំរាប់​តែទៅ​លើ​រឿង​លុយ​កាក់​ទេ​ ​សំខាន់​បំផុត​គេ​ទាំង​ពីរ​ចេះនិយាយ​ ឆ្លើយ​ឆ្លង​គ្នា​នូវ​ពាក្យ “​បង​ស្រឡាញ់​អូន”​ ឫ “អូន​ស្រឡាញ់​បង”​ មិត្ត​ត្រូវ​ចេះ​ចែក​រំលែក​ក្តីសប្បាយ​ និង​ទុក្ខ​រូម​គ្នា​។

មិត្ត​ត្រូវ​ចេះ​រំលែក​ក្តី​រាប់​អាន​គ្រប់​បែប​យ៉ាង​ដែល​មិត្ត​មាន​ចំពោះ​គេ​ដូច​ជា​ការ​សប្បាយ​រីក​រាយ​ ក្តី​វេនា​កើត​ទុក្ខ​ការ​ទទួល​ជ័យ​ជំន​ះផ្សេង​ៗឫ​ បរាជ័យ​ រឿង​ក្នុង​ផ្ទះ កន្លែង​​ធ្វើ​ការ ក្តី​ស្រមៃ ​ការ​នឹក​គិត​ពី​អនាគត ​គេ​ពិត​ជា​បាន​សប្បាយ​ចិត្ត​​ព្រោះ​គេ​យល់​ថា​ មិត្ត​ឥត​ចេះ​កុហក​​មាន​ចិត្ត​ទៀង​ត្រង់ ​គេ​នឹង​ចាត់​ទុក​មិត្ត​ជា​មនុស្ស​សំខាន់​ក្នុង​ជីវិត​មិន​អាច​ខ្វះ​បាន។

ចិញ្ចឹម​ចិត្ត​ជឿ​ជាក់​លើ​មិត្ត​ដោយ​ផ្តល់​មក​វិញ​នូវ​ក្តី​ស្រឡាញ់​មួយ​ដ៏​ពិត​ប្រាកដ​ជា​ស្នេហា​ពិត​ចេញ​ពី​បេះដូង​ឥត​កែ​ប្រែ​ធ្វើ​ឲ្យ​ក្តី​ស្នេហ៍​ទាំង​ពីរ​វេញ​ចង​ជាប់​ឥត​របេះ។​ ពេល​អ្នក​ទាំង​ពីរ​ធ្លាក់​ក្នុង​អន្ទាក់​ស្នេហ៍​សុភមង្គល​ផ្តល់​ជូន​គ្នា​នូវ​អនុស្សាវរីយ៍​ដែល​មិន​អាច​​ភ្លេច​បាន ​ស្តាប់ចង្វាក់បេះដូង​ ភាព​កក់​ក្តៅពេល​នោះ​សុភមង្គល​ដ៏​ត្រចេះ​ត្រចង់​មួយ​នឹង​កើត​ឡើង មិត្ត​ទាំង​ពីរ​នឹង​បាន​រីករាយ​ចិត្ត​​មិន​អាច​ថ្លែង​បាន។​

ត្រូវ​ចេះ​គិតគូរ​ដល់​គេ​ថែ​រក្សា​គេសួរ​សុខទុក្ខ ជាពិសេស​ត្រូវដឹង​ថា ត្រូវ​ការ​អ្វីដូច​ជាមើល​ឡើង​វិញនូវ​រូបថត​អនុស្សាវរីយ៍​បាន​ថត​រួមគ្នា​ជជែក​គ្នាលេង​សើច​សប្បាយ​កាន់​ដៃគ្នា​ដើរ​តាម​វិថី… យើង​អាច​ជឿជាក់​ថា​ អនុស្សាវរីយ៍​ដ៏គួរ​ឲ្យ​ស្រឡាញ់​នេះ​ជា​បទភ្លេង​ក្នុងដួង​ចិត្តបាន​អណ្តែត​ឡើង​លើ​លំហ​ ដើម្បី​បំពង​សំរែក​លាន់​ដូច​រន្ទះ​ថា “យើង​ស្រឡាញ់​គ្នា”​ ៕​

 
 I think I love you
more than words can say,
I think I love you
more and more each day.
I think I love you
with all of my heart,
I think I love you
hate when we’re apart.
I think I love you
loving you’s easy,
I think I love you
though it sounds cheesy.
Thinking all of this
I know I love you.
 
 

September 13, 2007

កម្តៅ ក្នុងចំហាយត្រជាក់

ស្នេហាដែលរោលរាល ១០០​អង្សា 

May 9, 2007

អូនត្រូវការបងកុហក!

ឯកា  កណ្តោច កណ្តែង​ បង្កើត ឡើង​ជា​អាម្មរណ៍​អផ្សុក​សម្រាប់​មនុស្ស​គ្រប់​រូប​គេ​ថា​ស្នេហា​អាច​ធ្វើឲ្យ មនុស្ស​ខ្វាក់ភ្នែក​បាន​ ​ស្នេហា​​អាច​ដឹកនាំផ្លូវ​មនុស្សឲ្យ​ដើរទៅ​រកភាព​រុងរឿង​បាន ហើយ​ ក៏​​អាចបំផ្លាញមនុស្សបានផងដែរ។ តែភាព​ឯកាក្នុង​បេះ​ដូង​​​ ដែល​ជាដើមហេតុនៃការអផ្សុក ជាអារម្មណ៍ ម្យ៉ាង មាន​ឥទ្ធិពល​លើការ​ប្រព្រឹត្ត​របស់​មនុស្ស​មិន​ចាញ់​ស្នេហា​ទេ។ ការ ហ្នឹង​បើកចិត្តទទួល​អ្នក ម្នាក់​ឲ្យមក​នៅ​បេះដូង​យើងបាន​ជា​អ្វី​សំខាន់​ខ្លាំង​ណាស់​ យើង​អាច​ត្រូវ​ប្រើពេល​វេលា​ល្មមសម​គួរ​ក្នុង​ការ​ កសាង នូវទំនុក​ចិត្ត​លើ​គេ​ម្នាក់​នោះ មនុស្ស​នឹង​ធ្វើការ​ អនុញ្ញាតិ​​ឲ្យគេ​ឈាន​ជើង​ចូល​ក្នុង​បេះដូង យើង​បាន​ ព្រោះ​បើមាន​ការ​ធ្វេស​ប្រហែស​ក្នុង​ប្រការណា​មួយ​ នោះ​ស្នេហា​ដែល​កើត​មាន​ឡើង នឹង នាំមក​ នូវភាព ឈឺ​ចុក​ចាប់​ជំនួស​ភាព​ផ្អែម​ល្អែម​កក់​ក្តៅ​តែ​អ្នក​ប្រាថ្នា​ពីវាជាក់​ជាមិន​ខាន​។

នាង​ខ្ញុំបាន​ចាកចេញ​ពីស្រុក​កំណើតមក​រៀន​បន្តនៅ​ភ្នំពេញ ហើយ​បាន​ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន ឯកជន​មួយ​ក្រោយ​ពីបាន​បញ្ចប់ការ​សិក្សា​នៅ​មហា​វិទ្យាល័យ​ផ្នែក គណនេយ្យ​។ បន្ទាប់ពីមាន​បញ្ហារកាំរកូស​ក្នុងគ្រួសារ​សាច់ញាតិ​ដែលនាង​ខ្ញុំបាន​មក​ ស្នាក់​នៅជា​មួយ​នៅ​ភ្នំពេញ នាងខ្ញុំ​បាន​សម្រេច​ចិត្តចេញ​ពីផ្ទះគាត់ ហើយបាន​ជួល​បន្ទប់មួយ​នៅម្នាក់​ឯង​អស់រយៈជិត​២ឆ្នាំ​ហើយ​។​

ពិសិដ្ឋ​ជា​កំលោះ​ម្នាក់ មាន​អាយុ​ច្រើនជាង​ខ្ញុំ ៥ឆ្នាំ គាត់ជា​ប្រធាន​ផ្នែក​បុគ្គលិក​ ក្នុង​ក្រុមហ៊ុន​ឯកជន​ដែល​នាងខ្ញុំ​ធ្វើការ​។ យើង​បាន​ស្គាល់គ្នា​ជិតដិត​ក្រោយ​ពីធីជប់លៀង​ដំណាច់ឆ្នាំ​របស់​ក្រុមហ៊ុន​។​ គាត់​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​ណាស់ គាត់​តែង​ទូរស័ព្ទមក​និយាយ​លេង​ជា​មួយខ្ញុំ ស្ទើររាល់​យប់ ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃសម្ព័ន្ធភាពយើង​កាន់តែមានភាពផ្អែម​ល្ហែមខ្លាំង​ទៅ។ គាត់​បាន​ធ្វើ​ឲ្យភាព​អផ្សុក​ដែល​នៅ​ជាមួយ​ខ្ញុំជាយូរមក​ហើយ​រសាត់​ទៅបាត់ ជំនួស​មកវិញ​នូវភាព​រីករាយ​ស្រស់ថ្លា។

២ខែកន្លង​មក នៅ​យប់​ថ្ងៃបុណ្យ​សង្សារ​ឆ្នាំ ២០០៥​ ពិសិដ្ឋបាន​ណាត់​ខ្ញុំទៅញ៉ាំ​បាន​ជាមួយ​ខាង​ក្រៅ​ជា​មួយ​គាត់ ហើយ​នៅ យប់​នោះ​គាត់​បាន​សារភាព​ប្រាប់​ខ្ញុំថា គាត់​ស្រឡាញ់​ខ្ញុំ ស្រឡាញ់​តាំង​ពី​បានជួប​ភ្លាម គាត់​មិនអាច​រស់​នៅដោយ​គ្មាន​រូប​ខ្ញុំ​បាន​ទេ ពាក្យ​សម្តី​សារ​ភាព​ស្នេហ៍ដ៏ផ្អែម​ល្អែម​របស់គាត់​បាន​ធ្វើឲ្យ​នាង​ខ្ញុំគាំង ព្រោះ​ចិត្ត​រំភើប នឹង​ការ​ខ្មាស់អៀន ខ្ញុំ​លួចក្តិច​ដៃ​ខ្លួន​ឯង​ ដើម្បី​បញ្ជាក់​ថា​មិន​មែន​ជា​ការ​យល់​សប្តិ ក្រោយ​ពេល​ប្រមូល​ជំហ តាំង​សតិអារម្មណ៍​បាន ខ្ញុំក៏បាន​និយាយ​តប​ទៅ​គាត់​វិញ​ភ្លាម​ដែរ​ថា ខ្ញុំក៏​បាន​ស្រឡាញ់​ដែរ។ អ្វីៗ​គ្រប់យ៉ាង​ហាក់​ដូច​ជាចុះ​សម្រុង ហើយ​បើក​ផ្លូវសម្រាប់​ស្នេហា​យើង​ទាំង​ពីរ។


ក្រោយ​ពីបាន​រស់​នៅជា​មួយ​គ្នា​យ៉ាង​មាន​សេចក្តីសុខ​បានជាង​កន្លះឆ្នាំ ខ្ញុំសង្កេត​ឃើញ​គាត់​មាន​ការ​ប្រែប្រួល​មិនសូវ​ដូច​ពីមុន​ នាង​ខ្ញុំ​ខ្លាច​ខ្លាំង​ណាស់​ខ្លាច​ថា​គាត់​លែង​ស្រឡាញ់​នាងខ្ញុំ​ តែនាង​ខ្ញុំមិនហ៊ាន​ធ្វើអ្វីទេ​ សូម្បីតែ​សួរ​គាត់ ខ្ញុំបាន​ត្រឹម​បន្លប់​ចិត្ត​ខ្លួនឯង​ថា​ គាត់អាច​មាន​បញ្ហា​នៅកន្លែង​ធ្វើការ​ហើយ ឬគ្រួសារ​គាត់​មាន​រឿង​អ្វីមួយ​មិន​ខាន បាន​ជា​គាត់ត្រូវ​គិត​ច្រើន ហើយ​មិនសូវ​យក​ចិត្ត ទុក​ដាក់​នាងខ្ញុំ​ដូច​មុន​។

ថ្ងៃមួយ​គាត់​ចូល​បន្ទប់ទឹក​ ទូរស័ព្ទ​គាត់បានរោទ៍​ឡើង សំឡេង​ស្រីម្នាក់​យំក្នុង​ទូរស័ព្ទ ហើយ​និយាយ​ឡើង​ទាំង​មិន​ខ្វល់​ស្តាប់​ថាអ្នក​ណាជា​អ្នកទទួល​ទូរស័ព្ទថា "អូន​សុំទោស​បងពិសិដ្ឋ អូនបាន​លែង​លះជា​មួយ​ប្តីអូន​ហើយ ឪពុក​ម្តាយអូន​ក៏លែង​បង្ខំអូន​ទៀត​ដែរ អូន​នៅ​តែស្រឡាញ់​បង​ជានិច្ច បងកុំបោះបង់អូន​ចោល​ណា អូន​គ្មាន​សល់​អ្នក​ណា​ទៀត​ទេ … " ភ្លាម​នោះ​នាង​ខ្ញុំ​ហាក់​ស្រាល​ខ្លួន​ដូច​ក្រដាស់ ងងឹត​ទាំង៨​ទិស គាំង​និយាយ​អ្វីមិន​ចេញបាន​ត្រឹម​ឈរ ធ្មឹង​សម្រក់​ទឹកភ្នែក​ចុះ​មក​ដូច​ពេញ​ថ្ពាល់​។​

ពិសិដ្ឋ​និយាយ​ប្រាប់​ថា កញ្ញា​ជា​សង្សារ​ចាស់​របស់គាត់ នាងតាម​ឪពុក​ម្តាយ​ទៅរៀប​ការ​ជាមួយ​កូន​អ្នកមាន តែ​ឥឡូវ​នាង​បាន​លែង​លះជាមួយ​គេហើយ ព្រោះមិន​អាចរបស់​នៅជា​មួយគ្នា​បាន គាត់បាន​ដឹង​រឿង​នេះ​តាម​មិត្តភក្តិប្រហែល​កន្លះ​ខែ​ហើយ​​ ទើបគាត់​មិន​សូវសប្បាយ​ចិត្តមួយ​រយៈ​កន្លង​មក។ ពិសិដ្ឋ​ប្រាប់​ខ្ញុំ​ថា កុំគិត​ច្រើនអី គាត់​នៅ​តែស្រឡាញ់​ខ្ញុំដដែល​ រឿង​កញ្ញានិង គាត់​មិន​អាចត្រឡប់​មក​ដូចដើម​បាន​ទេ គាត់​ឈឺចុក​ចាប់ខ្លាំង​ណាស់​ព្រោះ​នាង​។

ពិត មែន​ថាខ្ញុំមិនបាន​ធ្វើ​ចិត្តខ្ញុំ​ឲ្យ​ភ្លេច​រឿងរ៉ាវ​ដែលកើតឡើងបាន​មួយរយ​ ភាគ​រយ តែ​ខ្ញុំបាន​​ប្រឹងប្រាប់ខ្លួនឯងថា​ ពិសិដ្ឋ​ស្រឡាញ់​ខ្ញុំ មិន​យូរប៉ុន្មាន​អ្វីល្អ នឹងល្អ​ឡើងវិញដូច​ដើមជា​មិនបាន។ ល្ងាច​ថ្ងៃមួយ​ក្រោយ​ពេល​ចេញពី​ធ្វើការ ពិសិដ្ឋ បាន​មករកខ្ញុំ​នៅផ្ទះ​ទាំង​ទឹកមុខក្រៀម​ក្រំ ហើយ​និយាយ​មក​ខ្ញុំថា "សុំទោស ខ្ញុំមិនបានបំភ្លេច​ កញ្ញា បាន​ទេ សុំទោស​សម្រាប់​អ្វីៗ​កន្លង​មក"

ពុទ្ធោ​អើយ ហេតុអ្វីបាន​ជា​មាន​រឿង​ដូច្នេះ​កើត​ឡើងមក​លើ​រូបនាង​ខ្ញុំ ហេតុអ្វីបាន​ជា​វាកើត​ឡើងលឿន​ម្ល៉ោះ​? នេះ ខ្ញុំពិត​ជា​ត្រូវ​ទទួល​ស្គាល់​វាភ្លាមៗ​អញ្ចឹង​មែនទេ? ពិសិដ្ឋ តើបង​អាច​ ជួយ​ធ្វើជា​ស្រឡាញ់រូប​អូន​ ពីរខែទៀត​បាន​ទេ​ ហើយ​ផ្តល់​ជា​សញ្ញា​បន្តិច​ម្តងៗ​ថាដើម្បី​ឲ្យអូន​បាន​តាំង​ជំហ៊​ផង បើបង​មិនយល់ដល់ស្នេហាស្មោះ​ដែល​អូន​មាន​ចំពោះ​បង សូម​បង​យល់ដល់​ស្នាម​ស្នេហានៅ​លើបេះដូង​អូន​ផង។

អូន​ខំ​សន្សំចិត្ត សាង​ស្នេហ៍មក​ជា​យូរណាស់​មកហើយ បើ​គិតជា​នាទី​វិញមិនដឹង​ជាប៉ុន្មាន​សិបលាន​នាទី​ទេ តែ​នៅ​សុខៗ​ស្រាប់​តែ​បង​មកប្រាប់​បញ្ចប់​ស្នេហ៍ថ្ងៃនេះ ដោយ​ប្រើពេល​ត្រឹម កន្លះ​វិនាទី ជា​មួយ​ពាក្យបួន​ម៉ាត់ហ្នឹងឬ? បង​និយាយ​ចេញ​មក​ងាយ​ណាស់​ បង​ធ្វើ​ខ្លួន​ដូច​ជា​មនុស្ស​ដែល​មិនធ្លាប់​ស្រឡាញ់​គ្នាអញ្ចឹង ឬក៏វា​ជា​ការពិត​ដែល​ថា កន្លង​មក​នេះ​បងមិន​បាន​ស្រឡាញ់​​អូន​ទេ បង​ធ្វើទៅគ្រប់​បែប​យ៉ាង​ដើម្បី កំដរភាព​អផ្សុក និង​បញ្ឈឺចិត្ត​ស្នេហ៍ចាស់​របស់​បង អូន​គ្រាន់​តែជា​ឧបករណ៍​កែអផ្សុក​របស់​បង​តែប៉ុណ្ណោះ​ ពិត​មែន​ទេ?

តែ​សម្រាប់​រូបខ្ញុំ គឺ​នៅ​ចាំអ្វីៗ​ទាំងអស់​ដែល​យើង​បាន​កសាង​ជាមួយ​គ្នា ធ្លាប់​ទូរស័ព្ទមកជជែក​គ្នា​លេង​សា​សង ពី គម្រោង ជិវិត​អនាគត​របស់​យើង​ ពេល​ណា​អផ្សុក​ក៏បបួល​គ្នា​ដើរលេង​ទៅ​គ្រប់ទី​កន្លែង ថ្ងៃ​សៅរ៍ ​អាទិត្យពេល​ទំនេរ​មិនចេញទៅណា ក៏នៅផ្ទះមើល​ទូរទស្សន៍​ជាមួយ​គ្នា នៅមាន​រឿងរ៉ាវ​ជា​ច្រើន​ទៀត​ដែល​វា​នៅដិត​ដាន​ក្នុង​ចិត្តរបស់ខ្ញុំ។ បងដឹងទេថា​អូន​ពិតជា​ពិបាក​​ទទួល​យក​វា​បាន​ណាស់ បើអាច​ទៅរួច​មែន​នោះ​ខ្ញុំចង់​លុប​អនុស្សារយ៍​កន្លង បាត់​ពីភ្លាមៗ​តែម្តង តែ​អូន​មិនអាច​ធ្វើទៅ​បាន​។

ម្ល៉ោះ​ហើយ​ទើប​អូន​សូម​អង្វរ​បង សូម​ត្រឹម​ថា​មុន​ពេល​ស្តាប់​ពាក្យ​ថា​បែក​គ្នា​ចេញ​ពីមាត់​បង​ អូន​សូម ពេលមួយ​រយៈឲ្យអូន​បាន​ធ្វើចិត្ត​បន្តិច​ផង។ ជួយធ្វើជា​ស្រឡាញ់ខ្ញុំ​ ២ខែ​ទៀត​បាន​ទេ សូមពន្យា​ពេល​ត្រឹម​ហ្នឹង គិត​ថា​បងអាចធ្វើទៅបាន ជួយ​បោកចិត្ត​ខ្ញុំបន្ត តិច​ទៀតប៉ុណ្ណោះ​ មុន​ពេល​ចាកចេញ​ពីអូន​ទៅ។

ព្រោះ​តែពាក្យ​ថា ឯកា ទើប​បង្កើតបាន​ជា​អារម្មណ៍​អផ្សុក ហើយ​ធ្វើ​ឲ្យរឿងរ៉ាវ​ស្នេហា​ឈឺចាប់នេះកើតមាន​ឡើង។ ភាព​អផ្សុក​បាន បើក​ទូលាយទ្វា​បេះដូង​ខ្ញុំឲ្យ​ទទួល​យករូបគេ ដោយមិន​បាន​គិត​ដល់​លទ្ធផល​ចុង​ក្រោយវា​ទៅ​ជាបែបណា វាបាន​ធ្វើឲ្យខ្ញុំភ្លេចទាំងពាក្យថាស្រឡាញ់ខ្លួនឯង វាបាន​ទាញក្តីស្រឡាញ់ដែលមាន​ទាងប៉ុន្មានដែល​ខ្ញុំមាន​ទៅឲ្យ​គេម្នាក់​នោះអស់​ គ្មានសល់​ឡើយ។ ភាព​អផ្សុក​បាន​បំពេរ​បេះដូង​ខ្ញុំឲ្យ​លង់លក់​ក្នុង​សុបិន្ត​ស្នេហា​ ហើយ​វា​បាន​ធ្វើឲ្យ​ខ្ញុំខ្លាច​នឹងទទួល​ស្គាល់​ការ​ពិត​ថែម​ទៀត​ផង។ សូម​កុំបណ្តោយ​ឲ្យភាព​អផ្សុក គ្រប់​គ្រង​ជិវិតអ្នក​ឲ្យ​សោះ។

 

April 11, 2007

ពេលដែល​លួច​ស្រឡាញ់ … មិត្ត​សំ​ឡាញ់

នរណាថា​…សេក្តី​សេ្នហា​វា​គ្រោតគ្រាត​ជាមួយ​យើង​រហូត​ទៅ
មួយ​ចំណែក​ដែល​តូចៗ​ …នៃ​បេះ​ដូង​របស់​នរណាម្នាក់​
ដែល​នៅ​ទំនេ​រ​រហូត​ប្រគល់​ទៅឱ្យ​មនុស្ស​ម្នាក់…​តែ​មនុស្ស​ម្នាក់​នោះ​អាច​នឹង​គ្មា​ថៃ្ង​…
ទទួល​យក​​វា​ដ៏​សម​ប្រកប​នោះ​ឡើយ​៕

ការលួច​​ស្រឡាញ់​…ជា​កិរិយាគួរ​ឱ្យ​ស្រឡាញ់​ៗ
ជា​ការ​ស្គាល់​ល្អ​ៗ​ ដែល​មាន​ឱ្យ​នរណាម្នាក់​…ទាំង​ដែល​គេ​មិន​ចាំ​បាច់​ដឹង​

            

ភាពជិត​ដិត​​ស្និទ​ស្នាល​ យ៉ាង​ស្អិត​រមួត​ 
ពាក់​ព័ន្ធ​យល់​ចិត្ត​យល់​ថ្លើម​ព្រម​ទាំង​មិត្ត​ភាព​ដ៏​បរិសុទ្ធ​
មិន​ចង់​ធ្វើ​ឲ្យ​កើត​មាន​ នៅ​ការ​ដែល មិត្ត​លួច​ស្រឡាញ់​មិត្ត…

                                     

បើ​និង​ប្រាប់​…ចិត្ត​គេ​មិន​ដូច​ចិត្ត​យើង​ក៏​ថា​បាន​…
និង​បាត់​បង់​មិត្ត​ទៅ​អ្វីៗ ក៏​និង​ត្រឡប់​មក​…ដូច​ដើម​…
មិនបាន​ធ្វើឲ្យ​យើង​ជឿ​ជាក់​ថា​ …
នៅ​សេបគប់​គ្នា​ដូច​ដើម ភាគី​ម្ខាង​ទៀត​ក៏នឹង​មិនដូច​ដើម​ស្រាប់​ទៅ​ហើយ​ ការ​ប្រ​យ័ត្ន​ខ្លួន​…
ក៏​និង​កើត​មាន​យ៉ាង​ប្រាកដ

 

បើសិន​ជា​មិន​ប្រាប់ ក៏​ព្រួយ​ថា​​ … នឹង​ខូច​ចិត្ត​នៅ​ក្រោយ​ខ្នង​
គេ​ខ្លួន​ឯង​ក៏​ដឹង​ថា​វា​មិនផ្សេង​គ្នា…សោក​ស្តាយ​ប្រសិន​បើទៅ​ជា​បែប​នោះ
វា​អាច​ត្រួវ​បែង​ចែក​​ជាមួយ​អ្វី​គ្រប់​យ៉ាង​ …
ក៏​ល្អ​ជាង​មក​អង្គុយ​ឈឺ​ចាប់​ខ្លួន​ឯង​ … ថ្ៃង​នោះ​យើង​គួនិយាយ​ចេញ​ទៅ …
រឺ​ធ្វើ​អ្វី​មួយ​ វានឹង​ល្អ​ជាង​នេះ​ ៕

 

តែ​ក៏​មាន​ដូច​គ្នា…ដែល​ចូល​ចិត្តធ្វើ​ឲ្យ​មាន​បែប​នេះ​រហូត​ទៅ…
ដឹង​ច្បាស់​ថា​…ការ​លួច​ស្រឡាញ់ស្ងាត់ៗ​តែ​ម្នាក់​ឯង​ដោយគ្មាន​សង្ឈឹម​
សុំ​ត្រឹម​តែ​ដឹង​ដំណើរ​តទៅ​របស់​គេ​ ឲ្យគេ​ជឿ​ចិត្ត​ ទុក​ចិត្ត​ ជាមិត្ត​ដ៏​ល្អ​…
បើ​សិន​មិន​បាន​ក្លាយ​ជា​ចំណែក​មួយ​នៃ​បេះ​ដូប​របស់​គេ​
តែ​សុំ​ត្រឹម​ជាមនុស្ស ដែល​នៅ​ក្បែៗ​ចិត្ត​
ក៏​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ​  …

លួច​ស្រឡាញ់ … ឈ្មោះ​របស់​វាក៏​ប្រាប់​ទៅ​ហើយ​ថា​…
ជា​សេក្តី​សេ្នហា​ដែល​ភាគី​ម្ខាង​ទៀត​មិន​ចាំ​បាច់​ ទទួល​ស្គាល់​
ជា​សេចក្តី​ស្រឡាញ់​ដែល​មាន​ គតិ​ មនសិកា និ​ង​ពិភព​ផ្ទាល់​ខ្លូន​យ៉ាង​ខ្ពស់​ត្រ​ដែត​…
ពេល​ណាដែ​ល​យើង​សំដែង រី​ប្រាប់​ឲ្យគេ​ដឹង… នោះ​វាមិន​មែន​ជា​ការ​…
លួច​ស្រ​ឡាញ់​ទៀត​នោះ​ឡើយ…. ។

 

September 15, 2006

“ញញឹម​ឲ្យ​ខ្លួន​ឯង​​” និង​ “សុំ​ទោស​ដែល​ខ្ញុំ​ស្រឡាញ់​អ្នក​”

ដោយ៖ ​c.K.v.

ក្នុង ​ពេល​ដែល​យើង​កំពុ​ង​នឹក​នរណា​ម្នាក់​​គ្រប់​ពេល​វេលា​ គេ​ម្នាក់​នោះប្រហែល​ជា​កំពុង​នឹក​អ្នក​ផ្សេង​ក៏​ថា​បាន​​ ហើយ​​ពេល​ខ្លះ​ក៏​អាច​មាន​នរណា​ផ្សេង​ម្នាក់​ទៀត​​កំពុង​នឹក​ដល់​យើង​ដូច​ គ្នា​​ដែរ​។

ពេល​ខ្លះ​ការ​ស្រមើល​ស្រម៉ៃ​តែ​ម្នាក់​ឯង​ វា​ប្រហែល​ជា​ល្អ​ជាង​ការ​ដឹង​ការ​ពិត​ដែល​ថា អ្វី​ដែល​យើង​បាន​គិត​ទាំង​អស់​ វា​គឺ​គ្រាន់​តែ​ជា​ការ​​ស្រម៉ៃ​របស់​យើង​តែ​ម្នាក់​ឯង​ ដូច្នេះ​​វា​គ្មាន​​អ្វី​ប្លែក​ទេ​ដែល​មនុស្ស​មួយ​ចំនួន​ធំ​សុខ​ចិត្ត​រស់​ នៅ​​ក្នុង​ក្តី​ស្រម៉ៃ​របស់​ខ្លួន​ ច្រើន​ជាង​ការ​ទទួល​ដឹង​ឮ​ការ​ពិត​​ដែល​ធ្វើ​​ឲ្យបេះ​ដូង​គ្រាំ​គ្រា​ ព្រោះ​ក្តី​ស្រម៉ៃ​ដែល​គិត​ថា​គេ​ម្នាក់​នោះ​​បាន​ស្រឡាញ់​ខ្លួន​ដែរ ក្តី​ស្រម៉ៃ​ដែល​ធ្វើ​ឲ្យ​ខ្លួន​មាន​ក្តី​សុខ​ ព្រោះ​ខ្លួន​បាន​លង់​ស្រឡាញ់​គេ​​យ៉ាង​ខ្លាំង​​បាត់​ទៅ​ហើយ​។

ទោះ​មិន​បាន​ជា​មនុស្ស​ទី​មួយ​ក្នុង​ចិត្ត​របស់​គេ មិន​មែន​ជា​រឿង​គួរ​ឲ្យ​សោក​សៅ​ទេ យើង​អាច​មនុស្ស​ទី២ ដែល​វា​នៅ​ល្អ​ជាង​ជា​អ្នកទី​​៣ ទី​៤ ហើយ​ប្រសិន​យើង​ជា​មនុស្ស​ទី ១០​​ក្នុង​ចិត្ត​គេ ក៏​សូម​ឲ្យ​គិត​ទុក​ថា​ វា​ល្អ​ជាង​ការ​​ដែលយើង​​មិន​មានភាព​សំខាន់​ក្នុង​ចិត្ត​គេ​សោះ​។

សូមមេត្តា​ចង​ចាំ​ទុក​ថា ប្រសិន​បើ​បេះ​ដូង​អ្នក​​មិន​ទាន់​ស្រែក​ទ្រហ៊ោ​យំ​ចេញ​មក​ខ្លាំង​ និង​មិន​ទាន់​និយាយ​ប្រាប់​ខ្លួន​ឯង​ថា ខ្ញុំ​នឿយ​ហត់​ចិត្ត​ខ្លាំង​ណាស់​ សូម​ហាម​ចិត្ត​អ្នក​ទៅ មុន​នឹង​ការ​​នឿយ​ហត់​ចិត្ត​​ច្រើន​ជាង​នេះ កុំ​ព្យាម​ស្រឡាញ់​គេ​ថែមទៀត​គួរ​បណ្តោយ​តាម​វាសនា​ អ្វី​ដែល​ត្រូវ​កើត​វា​ត្រូវ​តែ​កើត​ គ្មាន​អ្នក​អាច​ឃាត់​វា​បាន​ឡើយ។ ​ហើយ​… សូម​រក្សា​ចិត្ត​ស្រឡាញ់នោះ​ត​ទៀត​ចុះ ព្រោះ​ការ​ស្រឡាញ់​អ្នក​ណា​ម្នាក់​ មិន​ត្រូវ​ការ​ ការ​ព្យាយាម​ទេ រីឯ​ការ​កាត់​ចិត្ត​​ឈប់​ស្រឡាញ់​ឯនោះ​ទេ ដែល​ត្រូវ​ការ​ព្យាយាមយ៉ាង​ច្រើន។ សាក​ថ្លឹង​ថ្លែង​ទំងន់​ក្នុង​ចិត្ត​យើង​សាក​មើល​ថា សេចក្តី​សុខ​នៅ​ពេល​ដែល​អ្នក​បាន​ឃើញ​មុខ​គេ នៅ​ក្បែរ​គេ ស្និត​ស្នាល​និង​​គេ មក​ថ្លឹង​ជាមួយ​និង ទុក្ខ​សោក​​នៅ​ពេល​បេះ​ដូង​អ្នក​ស្រែក​នឹក​​គេ ចង់​ឮ​សំលេង​គេ ចង់​នៅ​ក្បែរ​គេ តើ​មួយ​ណា​មាន​ទំងន់​ជាង​មួយ​ណា?

កុំ​បន្ទោស​ខ្លួន​ឯង ដែល​មក​ជួប​គេ​យឺត​ពេល​បន្តិច កុំ​បន្ទោស​ខ្លួន​ឯង​ដែល​ស្រឡាញ់​គេ កុំ​បន្ទោស​ថា​ហេតុ​អ្វី​បាន​ជា​គេ​មិន​មាន​ចិត្ត​ឲ្យ​យើង កុំ​ខឹង​និង​វាសនា​ កុំ​ត​វ៉ា​និង​ព្រហ្មលិខិត ដែល​នាំ​ឲ្យ​យើង​បាន​ជួប​គេ តែ​មិន​អាច​ធ្វើ​ឲ្យ​ចិត្ត​គេ​ស្រឡាញ់​យើង​ដូច​យើង​ស្រឡាញ់​គេ។

បើ​​ដល់​ពេល​ណាមួយ​ដែល​គេ​មិន​អាច​ទទួល​ការ​ស្រឡាញ់​របស់​អ្នក​ទេ សូមគិត​ និង​​និយាយ​សុំ​ទោស​គេ​ថា "សុំ ​ទោស​ដែល​ខ្ញុំ​ស្រឡាញ់​អ្នក​ សុំ​ទោស​ដែល​​ការ​ស្រឡាញ់​របស់​ខ្ញុំ​រំខាន​ដល់​អ្នក ខ្ញុំ​ពិត​ជា​មិន​អាច​ឈប់​ស្រឡាញ់​អ្នក​បាន​ទេ តែ​សូម​អ្នក​កុំ​បារម្មណ៍​អី សុំ​​បាន​ត្រឹម​ស្រឡាញ់​អ្នកតែ​ម្ខាង​ ខ្ញុំ​មាន​សេចក្តី​សុខ​ណាស់​ទៅ​ហើយ សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ មិន​ត្រូវ​ការ​ចម្លើយ​តប​ពី​អ្នក​វិញ​ទេ​"

ចូរ​ញញឹម​ឲ្យ​ខ្លួន​ឯង ទោះ​​មក​ជួប​គេ​យឺត​ពេល​បន្តិច​ ទោះ​មិន​អាច​ឲ្យ​គេ​ស្រឡាញ់​​ខ្លួន​បាន តែ​​យ៉ាង​ណា​ស់ក៏​យើង​បាន​ជួប​គេ យ៉ាង​ហោច​ណាស់​ក៏​គេ​មាន​រូប​យើង​ក្នុង​បេះ​ដូង​គេ​ខ្លះ​ដែរ ទោះ​ឋិត​ក្នុង​ថានះ​អ្វី​ក៏​ដោយ។ ត្រឹម​មួយ​កូន​​ចំនិត​ក្នុង​បេះ​ដូង​របស់​មនុស្ស​ដែល​យើង​ស្រឡាញ់​ វា​មាន​ទំហំ​ធំ​ស្មើ​ផែន​ដី​ទាំង​មូល​សំរាប់​​យើង​។

ញញឹង​ឲ្យ​គេ​ម្នាក់​នោះ​ផង ទោះ​បី​គេ​មិន​មានចិត្តឲ្យ​យើង​ច្រើន​ក៏​ដោយ តែ​យ៉ាង​ហោច​ណាស់​ក៏​គេ​ព្រម​ទទួល​ដឹង​ថា​ យើង​ស្រឡាញ់​រូប​គេ​។ ញញឹម​ឲ្យ​ជោគ​វាសនា​ ដែល​ធ្វើ​ឲ្យ​យើង​បាន​ស្គាល់​គ្នា​។ អ្នក​គួរ​សប្បាយ​ចិត្ត​ទៅ​វិញ​ទេ ដែលគ្រាមួយ​​ក្នុង​​​ជិវិត​របស់​អ្នក​ ​បាន​ជួប​មនុស្ស​ម្នាក់​ ដែល​អ្នក​ចង់​ផ្តិត​ស្នាម​ញញឹម​របស់​គេទុក​ក្នុង​បេះ​ដូងតែ​ម្នាក់​ឯង​ ទុក​ក្នុង​ការ​ចង​ចាំ ​ដ៏​ផ្អែម​ល្ហែមតែ​ម្នាក់​ឯង សប្បាយ​ចិត្ត​ដែល​​បាន​ជួបមនុស្ស​ម្នាក់​ដែល ​មាន​ពេល​ខ្លះ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក ធ្វើ​ឲ្យ​អ្នក​សើច ធ្វើ​ឲ្យ​អ្នក​មាន​សេចក្តី​សុខ​ ហើយ​និង​ទ្រ​ហ៊ោ​​យំបាន​យ៉ាង​មិន​គួរ​ឲ្យ​ជឿ។​

ទោះ​យ៉ាង​ណា​ក៏​អ្នក​បាន​ជួប​មនុស្ស​ម្នាក់​ដែល​សូម្បី​តែ​ស្នាម​ញញឹម​របស់​ គេ​ អាច​ធ្វើ​ឲ្យ​ថ្ងៃ​ដ៏​អាប់​អួរ​របស់​អ្នក​ស្រឡះ​ភ្លឺ​ថ្លា​វិញ​បាន។ បាន​ត្រឹម​ឃើញ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ សើច ញញឹម មាន​សេចក្តី​សុខ​ជា​មួយ​នរណា​ម្នាក់​ដែ​ល​គេ​ស្រឡាញ់ ឬ​មាន​សេចក្តី​សុខ​ជាង​ការ​ដែល​គេ​នៅ​ជា​មួយ​យើង នេះ​ហើយ​គឺ​ជា​សេក្តី​សុខ​នៃការ​ដែល​បាន​ស្រឡាញ់ យ៉ាង​អស់​ពី​បេះ​ដូង​​ ហើយ​ស្រឡាញ់​គេ​តែ​ម្ខាង​  ប៉ុណ្ណេះ​វាល្មម​​គ្រប់​គ្រាន់ហើយ​!